ខេត្តកណ្តាល ៖
អគារឃ្លាំងស្តុកជ័រប្លាស្ទិករោងចក្រផលិតស័ង្កសីចំនួន២ខ្នង និងអគារឃ្លាំងស្តុកសម្ភារៈរោងចក្រផលិតផ្ទះចល័ត១ខ្នង ព្រមទាំងផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ទៀតត្រូវបានអគ្គីភ័យឆាបឆេះសន្ធោសន្ធៅ ដែលសមត្ថកិច្ចប្រាប់ថាបណ្ដាលមកពីផ្ទុះធុងហ្គាស។ ខណៈនោះទោះជាកម្លាំងសមត្ថកិច្ច និងក្រុមអ្នកពន្លត់អគ្គិភ័យចេញអន្តរាគមន៍ពន្លត់ភ្លាមៗយ៉ាងណាក្ដី ក៏ប៉ុន្តែភ្លើងមិនបានថមថយឡើយ និងបានឆេះរាលឆ្លងពីអគារឃ្លាំងមួយទៅអគារឃ្លាំងមួយទៀត និងឆេះដល់ផ្ទះប្រជាពលរដ្ឋខាងលើជាបន្តបន្ទាប់រងការខូចខាតទាំងស្រុង ។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅរោងចក្រ «ខូឡាបូរេសិន តែកឃីជើង មេអៀរៀល ប្រូដាក់ ឯ.ក » ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រលេខ២៧ -២៨ ភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បើតាមកម្មកររោងចក្រ បាននិយាយថា នៅមុនពេលកើតហេតុ ខណៈដែលពួកគាត់កំពុងធ្វើការស្រាប់តែឮសំឡេងផ្ទុះនៅក្នុងឃ្លាំងស្តុកជ័រប្លាស្ទិកដែលជាវត្ថុធាតុដើមសម្រាប់ផលិតស័ង្កសីជ័រហើយក្រោយមកក៏ស្រាប់តែការឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ និងមានផ្សែងឃ្មួលខ្មាញ់តែម្ដង។ ពេលនោះកម្មករមួយចំនួនបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ និងទុយោទឹកជួយបាញ់ពន្លត់ ប៉ុន្តែមិនអាចពន្លត់ឈ្នះឡើយ ភ្លើងបានឆេះកាន់តែខ្លាំងឡើងៗ ហើយដោយខ្លាចមានគ្រោះថ្នាក់កម្មករទាំងអស់បានាំគ្នារត់ចេញក្រៅទាំងព្រលឹងចុង សក់។
សមត្ថកិច្ចបានប្រាប់ថា នៅក្នុងការឆាបឆេះនេះពុំបានបណ្តាលឲ្យមានអ្នករងរបួស ឬស្លាប់នោះទេ ប៉ុន្តែភ្លើងបានឆេះអគារឃ្លាំងរោងចក្រចំនួន០៣ខ្នង និងឆេះផ្ទះប្រជាពលរដ្ឋចំនួន០៤ខ្នង ក្នុងនោះរួមមានអគារឃ្លាំងរោងចក្រ «ខូឡាបូរេសិន តែកឃីជើង មេអៀរៀល ប្រូដាក់ ឯ.ក »ផលិតស័ង្កសីជ័រចំនួន ២អគារ។ ដែលក្នុងមួយអគារៗ មានទំហំ 30m x 100m ខូចខាតទាំងស្រុង ហើយមានម្ចាស់ឈ្មោះ Wang guowang ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា ភ្លើងបានឆេះរាលដល់អគារឃ្លាំងស្តុក សម្ភារៈរោងចក្រផលិតផ្ទះចល័តមួយទៀតដែលមានទំហំ 30m x 100m ខូចខាតជញ្ជាំង មួយចំហៀង ស្មើនឹង២០% ហើយម្ចាស់រោងចក្រនោះឈ្មោះ ចឹង ចុង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្ត កណ្តាល។ ក្រៅពីអគាររោងចក្រខាងលើ ក៏បានឆេះឆេះរាលដល់ផ្ទះថ្មតៀមប្រក់ស័ង្កសីចំនួន ០៤ខ្នងទៀតបណ្ដាលឲ្យរងការខូចខាតទាំងស្រុងផងដែរ ក្នុងនោះផ្ទះទី១ ទំហំ 6m x 6m មានម្ចាស់ផ្ទះឈ្មោះ វណ្ណ ស្រីតូច ភេទស្រី អាយុ២៦ឆ្នាំ។ ផ្ទះទី២ ទំហំ 4m x 6m ម្ចាស់ផ្ទះឈ្មោះ វណ្ណ ប៉ន ភេទស្រី អាយុ៤៦ឆ្នាំ និងឆេះអស់ម៉ូតូកង់បី១គ្រឿងផងដែរ។ ផ្ទះទី៣ ទំហំ 4m x 4m ម្ចាស់ផ្ទះឈ្មោះ វណ្ណ សុគន្ធា ភេទស្រី អាយុ៣៣ឆ្នាំ និងផ្ទះទី៤ទំហំ 5m x 7m ម្ចាស់ផ្ទះឈ្មោះ វណ្ណ សុគន្ធ ភេទប្រុស អាយុ៣២ឆ្នាំ ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ទៀតថា ក្រោយទទួលបានដំណឹងអំពីភ្លើងឆេះ នោះភ្លាមកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបានចេញអន្តរាគមន៍ភ្លាមៗ ចំណែករថយន្តពន្លត់អគ្គីភ័យបានទៅដល់ទីនោះច្រើនគ្រឿង និងព្យាយាមបាញ់ទឹកពន្លត់ភ្លើងសស្រាក់សស្រាំ។ ក្រុមអ្នកពន្លត់ភ្លើងបានប្រើប្រាស់ទឹកអស់រហូតដល់ចំនួន១១៣ទ្បានទើបពន្លត់រលត់ទៅវិញទាំងស្រុង។ ចំណែកមូលហេតុនៃការឆាបឆេះនោះបណ្តាលមកពីផ្ទុះធុងហ្គាសចេញពីឃ្លាំងផ្ទុកសម្ភារៈជ័រប្លាស្ទិករោងចក្រ ខូឡាបូរេសិន តែកឃីជើង មេអៀរៀល ប្រូដាក់ ឯ.ក របស់ឈ្មោះ Wang guowang ដែលជាជនជាតិចិននោះ៕