កាលពីពេលថ្មីៗកន្លងទៅនេះ មានការផ្ទុះពេញបណ្តាញសង្គមជុំវិញករណីបុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយការកើតជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។ យ៉ាងណាមិញ បើយោងទៅតាមទំព័រហ្វេសប៊ុករបស់តារាចម្រៀងស្រីដ៏ល្បីកញ្ញាលាង សុផាឡែន បានឱ្យដឹងថា បុរសដែលបានចងកនេះ គឺជាអតីតក្រុមរាំរបស់ខ្លួន។ ជាមួយគ្នានេះ សុផាឡែន ក៏បានចែករំលែកពីដំណើរដើមទងខ្លះៗមុននឹងបុរសរូបនេះឈានទៅដល់ការធ្វើអត្តឃាតឱ្យដឹងដែរថា អតីតអ្នករាំរបស់ខ្លួនតែងតែឃើញស្រមោលខ្មៅអន្ទោលតាមប្រាណជាប់ជានិច្ច មិនថាទៅទីកន្លែងណានោះទេ ដោយគួបផ្សំនឹងជំងឺបាក់ទឹកចិត្តផងដែរ។ សុផាឡែន ក៏បានផ្តល់ជាយោបល់មួយចំនួនវិញថា ឱ្យឧស្សាហ៍រំលឹកគុណឪពុកម្តាយ និងធ្វើបុណ្យដាក់ទានដល់ម្ចាស់កម្មពារជាដើម។ 

សុផាឡែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ “គាត់ធ្លាប់ប្រាប់នាងខ្ញុំថា បង ខ្ញុំតែងតែមានអារម្មណ៍ ដូចឃើញស្រមោលខ្មៅៗតាមខ្ញុំរហូត ពេលខ្ញុំនៅក្នុងបន្ទប់ ឃើញក្នុងកញ្ចក់ទូមិនថាចេញក្រៅទៅណាមកណាដូចជាមានគេឈរមើលខ្ញុំ ជាពិសេសពេលខ្ញុំនៅម្នាក់ឯង គួបផ្សំ គាត់មានជំងឺ Depression កើតឡើងផង គាត់គិតច្រើន កើតអារម្មណ៍ឯកាផង គិតក្នុងគ្រួសារផង ពេលស្តាប់គាត់រៀបរាប់ហើយ ខ្ញុំក៏ប្រាប់គាត់វិញថា ប្អូនឧស្សាហ៍រំលឹកគុណឪពុកម្តាយ ធ្វើបុណ្យធ្វើទាន តាមសមត្ថភាពយើង ឱ្យជ្រះថ្លា ប្រលែងសត្វដែលជាប់ពាក់ព័ន្ធពីអតីតជាតិរបស់គាត់ ឧទ្ទិសទៅឱ្យពពួកអមនុស្សដែលជាម្ចាស់កម្មពៀររបស់ប្អូនផង ហើយនាងខ្ញុំក៏ប្រាប់គាត់ទៀតថា កុំគិតច្រើនពេក ព្រោះពពួកអមនុស្សហ្នឹង វាចូលចិត្តនៅជាមួយមនុស្សកើត Depression ណាស់ គិតច្រើនស្ត្រេស ស្មុគ្រស្មាញ វាចូលចិត្តនៅជ្រៀតជ្រែកចិត្តយើងណាស់ តែចិត្តយើងខាងក្នុងខ្សោយហើយវាមានឱកាស ហើយប្អូនកុំចូលចិត្តនៅម្នាក់ឯងណា ផ្តាំគាត់ហើយផ្តាំទៀត ឥលូវ…ប្អូនទៅតាល់តែបាន គាត់ជាក្រុមរាំរបស់នាងខ្ញុំ សូមចូលរួមរំលែកទុក្ខនៃគ្រួសារសពផង” ។

គួរឱ្យដឹងថា សពបុរសខាងលើត្រូវបានយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតហើយ ៕