សហព័ន្ធកីឡាវូស៊ូកម្ពុជានាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នេះបានរៀបចំការសម្តែង ថៃជិឈាន ក្នុងឱកាសកម្មវិធីទិវាថៃជិឈាន នៅពហុកីឡដ្ឋានជាតិ ដើម្បីផ្សព្វផ្សាយប្រភេទកីឡាថៃជិឈានរបស់សហព័ន្ធ ស្របពេលដែលសហព័ន្ធកីឡាវូស៊ូអាស៊ីរៀបចំព្រឹត្តិការណ៍ ក្នុងឱកាសបើកកម្មវិធីទិវាថៃជិឈាន “Taijiquan day”  ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ែន ម៉ាលីន អនុប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡាវូស៊ូកម្ពុជា និងកីឡាករ-កីឡាការិនីវូស៊ូ ជាច្រើនរូបទៀត។

លោក ម៉ែន ម៉ាលីន បានមានប្រសាសន៍ថា ការសម្តែងវិញ្ញាសា ថៃជិឈាន រួមគ្នាជាក្រុមនេះគឺចង់បង្ហាញថាមពលរបស់មេរៀនថៃជិក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ដែលជួយដល់សុខភាពរបស់មនុស្សទូទៅ និងអាចហាត់បានគ្រប់វ័យទាំងអស់ មាន វ័យកុមារ ពេញវ័យ និងវ័យចាស់ ទាំងប្រុស ទាំងស្រី ។ ថៃជិឈាន បង្ហាញពីភាពទន់ភ្លន់ និងភាពអំណត់ ប្រកបដោយថាមពល និងមានប្រភពដើមមកពី ប្រទេសចិន ហើយមានការហ្វឹកហាត់ក្នុងប្រទេសកម្ពុជាយើងជាច្រើនឆ្នាំមកហើយដែរ។ ការហ្វឹកហាត់នេះមាន នៅតាមក្លិបមួយចំនួន ដូចជាក្លិបអូឡាំពិក ដែលមានទីតាំងក្នុងពហុកីឡដ្ឋានជាតិ ក្លិបមុខវាំង មានទីតាំងនៅសួន ច្បារជួរមាត់ទន្លេជិតផ្សារចាស់ ក្លិបវិទ្យាល័យបាក់ទូក ក្លិបវិមានឯករាជ្យ ក្លិបអូឡាំព្យា មានទីតាំងក្នុងផ្សារទំនើប អូឡាំព្យា ក្លិបសាលាទួនហ្វា សមាគមកីឡាវ៉ូស៊ូក្រសួងមហាផ្ទៃ សមាគមកីឡាវ៉ូស៊ូសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាក្រុងតាខ្មៅ ក្លិបសុភមង្គល ក្លិបមានជ័យ ក្លិបកូននាគ និងសមាគម ក្លិបជាច្រើនទៀត ក្នុងសហព័ន្ធកីឡាវ៉ូស៊ូ កម្ពុជា ។ 

លោក អនុប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជាបានបន្តថា វិញ្ញាសាថៃជិឈាន ថៃជិជៀន ថៃជិសាន ហ្វឹកហាត់ដើម្បីសុខភាព ហើយក៍ហាត់ដើម្បីប្រកួតបានដែរ ដូចជាការប្រកួតក្នុងប្រទេស និងការប្រកួតជាលក្ខណៈអន្តរជាតិនានា ធ្លាប់ទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធិ និងពានរង្វាន់ផ្សេង ៗទៀតជាច្រើន។ ជាមួយនឹងភាពជឿនលឿននៃវិទ្យាសាស្ត្រនាពេលអនាគត វិញ្ញាសាថៃជិ រួម ចំណែកជួយដល់សុខភាព ក្រៅពីនេះមានវិញ្ញាសាផ្សេងៗទៀត ដូចជា វិញ្ញាសា ចាងឈាន ណាន់ឈាន តាវស៊ុ គុនស៊ុ ជៀនស៊ុ និងសាន់ដា ( វិញ្ញាសាប្រយុទ្ធ ) ជាទីពេញនិយមរបស់យុវវ័យក្នុងការហ្វឹកហាត់ ដើម្បីចូលរួម ប្រកួតអន្តរជាតិនានា ដណ្ដើមមេដាយជូនប្រទេសជាតិយើង ។

ការសម្តែងវិញ្ញាសា ថៃជិឈានថ្ងៃនេះ ដើម្បីបង្ហាញពីសាមគ្គីភាព និងថាមពល របស់កីឡាវស៊ូក្នុង ព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមក្នុងទិវាថៃជិឈាន របស់សហព័ន្ធកីឡាវ៉ូស៊ូអាស៊ី ផងដែរ ។ លោក លោកស្រី បង ប្អូន អាចមកចូលរួមហាត់ហ្វឹកហ្វឺនកីឡាថៃជិឈានក្នុងសមាគម ក្លិបកីឡា វ៉ូស៊ូមួយណាក៍បាន ដោយទំនាក់ទំនងជាមួយគណៈគ្រប់គ្រងសមាគម-ក្លិបនីមួយៗបានគ្រប់ទីកន្លែងដែលជម្រាប ជូនខាងលើ ។