កាន់តែកៀកដល់ថ្ងៃចូលឆ្នាំថ្មី ឆ្នាំម្សាញ់ ២០២៥ សិល្បករ សិល្បការិនី ជាច្រើនរូប កំពុងមានការមមាញឹកនឹងការចូលរួមនៅតាមសង្ក្រាន្តនានា ដែលបាននឹងកំពុងធ្វើឡើងនៅតាមទីកន្លែងផ្សេងៗ ជាពិសេសនោះគឺនៅតាមសាលារៀនជាដើម។ ស្របពេលជាមួយគ្នានេះ តារាសម្តែង និងចម្រៀង លោក ព្រីន បានបង្ហោះសារមួយ កាលពីព្រឹកថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៥ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ត្អូញត្អែរពីការចូលរួមសម្តែងនៅក្នុងកម្មវិធីសង្ក្រាន្តមួយកន្លែង។ យោងតាមរយៈការបង្ហោះនោះ តារាប្រុសរូបនេះបានបង្ហាញអារម្មណ៍ឱ្យដឹងថា ហាក់មានការមិនគោរពដល់រូបលោក។ ជាមួយគ្នានេះ លោកថែមទាំងបានបន្តថា លោកនឹងមកសម្តែងសង្ក្រាន្តតែនៅក្នុងឆ្នាំនេះប៉ុណ្ណោះ ដោយការសម្តែងរបស់លោកកាលពីយប់មិញ ពោលនៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ លោកទទួលបានការឈឺចាប់ជាខ្លាំង។

យ៉ាងណាមិញ ការបង្ហោះសារខាងលើ លោកមិនបានបញ្ជាក់ពីទីតាំងដែលលោកបានទៅសម្តែងនោះទេ។ ចំណែកឯអ្នកគាំទ្រតារាប្រុសរូបនេះវិញ បានដាក់ជាសំណួរជាច្រើន ពាក់ព័ន្ធនឹងការបង្ហោះសាររបស់លោកផងដែរ៕