ភ្នំពេញ ៖
រថយន្តកុងតឺន័រ ១គ្រឿង បានបើកបត់ជ្រុលទៅកៀររថយន្តម៉ាកតូយ៉ូតាព្រូស១គ្រឿងទៀតដែលកំពុងឈប់ស្ងៀមទាំងកំរោល បណ្ដាលឲ្យរថយន្តព្រូសរងការខូចខាតខ្ទេចមុខយ៉ាងដំណំ ប៉ុន្តែជាសំណាងល្អពុំបានបណ្ដាលឲ្យអ្នកបើកបរ ឬអ្នករួមដំណើរណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ហេតុការនោះបានកើតឡើងកាលពីវេលា ម៉ោង១០ព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុងកែងមហាវិថីសុីជីនពីង ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងខាងលើគេបានឃើញរថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2BN-7563 បើកបរតាមផ្លូវបេតុងភូមិជម្ពូវ័ន១ ក្នុងទិសដៅពីកើតទៅលិច។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានឈប់នៅខាងស្ដាំដៃរង់ចាំឡើងមហាវិថីសុីជីនពីង ខណៈនោះស្រាប់តែរថយន្តកុងតឺន័រ ១គ្រឿងម៉ាកហុីយ៉ាន់ដាយពណ៍ក្រហម ពាក់ស្លាកលេខ កំពង់ចាម 3A-6764 បើកបរតាមមហាវិថីសុីជីនពីង ក្នុងទិសដៅពីជើងទៅត្បូងទៅដល់បត់ឆ្វេងចូលតាមផ្លូវបេតុងនោះដែរកៀររថយន្តព្រូស បណ្ដាលឲ្យរងការខូចខាតខ្ទេចមុខយ៉ាងដំណំតែម្ដង។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅធ្វើការវាស់វែង និងនាំយករថយន្តទាំង ២គ្រឿង អែបខាងបញ្ចៀសការកកស្ទះចរាចរណ៍ ហើយឲ្យភាគីទាំង២សម្របសម្រួលគ្នាបញ្ចប់រឿង៕