និឆា មានឈ្មោះពិតថា ណាត់ថៈនិឆា ដាំងវឌ្ឍនាវ៉ាក់និជ កើតនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ១៩៩៦ នៅខេត្តឆៀងម៉ៃ និងជាកូនទី២ នៅក្នុងចំណោមបងប្អូន ៣ នាក់។ និឆា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពីសាកលវិទ្យាល័យបាងកក។ បច្ចុប្បន្នគឺជាតារាសម្តែងនិងតារាបង្ហាញម៉ូត និងជាអតីតតារាសម្តែងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប៉ុន្តែបច្ចុប្បន្នតារាស្រីរូបនេះបានវិវត្តន៍ខ្លួនទៅជាតារាសម្តែងឯករាជ្យ។ 

នៅអាយុ ១៧ ឆ្នាំ និឆា បានចាប់ផ្តើមដើរនៅលើវិថីសិល្បៈតាមការណែនាំរបស់មនុស្សម្នាក់។ នៅឆ្នាំ ២០១៣ និឆា បានបង្ហាញខ្លួនជាតារាសម្តែងកិត្តិយសនៅភាគបញ្ចប់នៅក្នុងខ្សែភាពយន្តរឿង ថងនឿកាវ (Tong Neu Gao) ឬនាងឡាំយ៉ង។ ក្រោយមកទៀត នៅឆ្នាំ ២០១៤ តារាស្រីរូបនេះបានសម្តែងនៅក្នុងខ្សែភាពយន្តរឿង ឃ្យូប៊ិក (Cubic) និងនៅឆ្នាំ ២០១៦ នាងបានសម្តែងជាតួឯកស្រីនៅក្នុងខ្សែភាពយន្តរឿង ណាងអាយ (Nang Ai) និងបានថតភាពយន្តល្បីៗជាច្រើនរឿងទៀតផងដែរ។

ដោយឡែក ងាកមកកាន់រឿងបេះដូងវិញ នៅឆ្នាំ ២០១៤ និឆា ធ្លាប់បានស្រឡាញ់គ្នាជាមួយអ្នកនយោបាយថៃម្នាក់បានជាង ៣ ឆ្នាំ។ ក្រោយមកទៀត និឆា ក៏បានជួបស្នេហ៍ថ្មីនៅក្នុងក្រុមថត ដែលមហាជនស្គាល់យ៉ាងច្បាស់ថាជាតារាសម្តែងថៃប្រុសដ៏ល្បីគឺលោក តូណូ ផាឃីន។ ចំណងស្នេហារបស់ពួកគេ បានត្រឹម ៨ ឆ្នាំប៉ុណ្ណោះ ក៏មានផ្ទុះព័ត៌មានពីការបែកបាក់គ្នាតែម្តង ដោយតារាសម្តែងតូណូ ដែលជាសង្សាររបស់ និឆា បានលួចលាក់បង្កាត់ភ្លើងស្នេហ៍ក្រៅឆាកជាមួយជំនួយការខ្លួនឯង៕