ស្របពេលដែលបុណ្យពិធីចូលឆ្នាំថ្មីប្រពៃណីជាតិកាន់តែចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ សហព័ន្ធក៏លើកទឹកចិត្តឱ្យលោកគ្រូអ្នកគ្រូអប់រំកាយនិងកីឡា និងលោកគ្រូអ្នកគ្រូកីឡាទាញព្រ័ត្រដែលទទួលបានបណ្តុះបណ្តាលដោយសហព័ន្ធចូលរួមបង្កើតល្បែងកីឡាទាញព្រ័ត្រនៅតាមសាលារៀន និងវត្តអារាម ជាការចូលរួមបំផុសអភិវឌ្ឍនិងអភិរក្សល្បែងកីឡាទាញព្រ័ត្រ ក្នុងគោលដៅជំរុញឱ្យមានការចូលរួមពីសាធារណៈជនគ្រប់ស្រទាប់វណ្ណៈឱ្យមានកាន់តែច្រើនគាំទ្រដល់កីឡាអត្តសញ្ញាណជាតិរបស់ខ្មែរ។

លោក ចាប រតនា អគ្គលេខាធិការ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានថ្លែងបង្ហើប ប្រាប់អ្នកយកព័ត៌មាន តាមប្រព័ន្ធតេលាក្រាមថា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជានៅក្នុងឆ្នាំ២០២៥នេះ សហព័ន្ធកីឡាទាញព្រ័ត្រ មានផែនការ អភិរក្សនិងអភិវឌ្ឍល្បែងកីឡាទាញព្រ័ត្រ ដោយគ្រោងរៀបចំការប្រកួតធំៗចំនួន៣កម្រិត ក្នុងនោះមានកម្រិត បឋមសិក្សា មធ្យមសិក្សា និងកម្រិត ឧត្តមសិក្សា ជាការបំផុសនិងចម្រាញ់បានធនធានកីឡាករកីឡាការិនីល្អៗ ត្រៀមចូលរួមការប្រកួតអន្តរជាតិ ។

លោក អគ្គលេខាធិការ បានបន្ថែមទៀតថា សម្រាប់ទិសដៅចូលរួមការប្រកួតក្រៅប្រទេសវិញ សហព័ន្ធក៏មានគ្រោងចូលរួមក្នុងព្រឹត្តិការណ៍ធំៗចំនួនពីរដែរ ក្នុងឆ្នាំ២០២៥នេះ គឺព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំដែលរៀបចំដោយប្រទេសម៉ាឡេស៊ី និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះចុងឆ្នាំ២០២៥ខាងមុខនេះ ។ចំពោះវិញវិញ្ញាសា ដែលកំពុងសម្រិតសម្រាំងជ្រើសរើសតាមរយៈការរៀបចំជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ មាន២វិញ្ញាសា រួមមានវិញ្ញាសា ៨នាក់បុរសនិងនារី និងវិញ្ញាសា៤នាក់បុរសនិងនារី។

សូមបញ្ជាក់ដែរថា នេះជាឆ្នាំ១០ហើយ ដែលល្បែងកីឡាទាញព្រ័ត្ររបស់កម្ពុជាត្រូវបានចុះទៅក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី ដោយគណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥៕