ភ្នំពេញ ៖ 

បុរសម្នាក់រួមដំណើរជាមួយនិងនារីម្នាក់ទៀតបានបើករថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿងក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុកខឿនរងការខូចខាតតិចតួចចំណែករថយន្តបន្តល្បឿនបើករត់ទៅមុខបណ្តាលឲ្យដាច់មួយចំហៀងទាំងមុខក្រោយទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១០:១៥នាទីយប់ថ្ងៃទី០២ ខែមេសាឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៧ក្នុងសង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កមួយគ្រឿងម៉ាកឡង់គ្រីស័រពណ៌សពាក់ ស្លាកលេខ ភ្នំពេញ 2BS-9108 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងនារីម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ១០០៧ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកខឿនបណ្តាលឲ្យខូចខាតតិចតួចហើយរថយន្តបន្តល្បឿនបើកទៅមុខវិលមួយជុំក៏បានដាច់កង់ទាំងមុខទាំងក្រោយនៃចំហៀងខាងស្តាំទើបរថយន្តទៅមុខលែងរួច ហើយភ្លាមនោះដែរនារីដែលជានាក់រួមដំណើរជាមួយក៏បានបើកទ្វារចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល ចំណែកឯបុរសជានាក់បើកបរ ត្រូវសមត្ថកិច្ចឃាត់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ពិនិត្យជុំវិញទីតាំងរួចក៏បានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សារទុកនៅអធិការដ្ឋាននគរបាលដ្ឋានសែនសុខជាបណ្តោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕