តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រ ទី4 ខែមេសានេះ បានសម្រេចបណ្តេញលោកប្រធានាធិបតី យូន សុក យូល (Yoon Suk Yeol) ចេញពីតំណែង ជុំវិញការចោទប្រកាន់របស់សភាលើការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីចុងឆ្នាំមុន ដែលបង្កឲ្យមានវិបត្តិនយោបាយដ៏អាក្រក់បំផុតរបស់ប្រទេសនេះមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីការសម្រេចទម្លាក់លោក យូន ចេញពីតំណែង ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នឹងត្រូវធ្វើឡើងក្នុងរយៈពេល 60 ថ្ងៃ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហាន ឌុក សូ (Han Duck-soo) នឹងបន្តធ្វើជាប្រធានាធិបតីស្តីទី រហូតដល់ប្រធានាធិបតីថ្មីចូលកាន់តំណែង។