កញ្ញា ស៊ិន សៀវសៀន វ័យ ២៧ឆ្នាំ បច្ចុប្បន្នជាគ្រូបង្វឹកគុនល្បុក្កតោ និងជាស្ដ្រីខ្មែរមួយរូប បានរៀនសាក់យ័ន្ដ នៅសាលាទិសាបាមោក្ខ ។ អ្នករៀនសាក់យ័ន្ដខ្មែរ វ័យ ២៧ឆ្នាំរូបនេះ ពិតជាស្រលាញ់ និងចង់ថែរក្សាមរតកវប្បធម៌ដូនតាខ្មែរឲ្យគង់វង្ស ។
ស៊ិន សៀវសៀន បានចំណាយពេលហាត់គុនល្បុក្កតោ អស់រយៈពេល ១២ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០១៣។ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កីឡាការិនីគុនល្បុក្កតោរូបនេះ ដណ្ដើមបានមេដាយមាស១ លើវិញ្ញាសាផ្គាក់សង្វារឯកត្តជននារី។ នោះក៏ជាពេលចុងក្រោយ ដែលកញ្ញា សៀវសៀន បំពេញតួនាទីជាកីឡាការិនីគុនល្បុក្កតោ ផងដែរ។
បន្ទាប់ពីជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ស្ដ្រីវ័យ ២៧ឆ្នាំរូបនេះ បានចាប់ផ្ដើមអាជីពជាគ្រូបង្វឹក នៅសាលាគុនល្បុក្កតោសុវណ្ណអង្គរនាគរាជ ក្នុងខេត្តសៀមរាប ហើយក៏ជាសិស្សរៀនក្បួនវិជ្ជាសាក់យ័ន្ដខ្មែរ នៅសាលាទិសាបាមោក្ខ ទៀតផង។
អ្នករៀនសាក់យ័ន្ដរូបនេះ បានប្រាប់ពីចំណាប់អារម្មណ៍ខ្លួនថា គុនល្បុក្កតោ និងយ័ន្ដខ្មែរ គឺសុទ្ធតែជាមរតករបស់ដូនតា ហើយកញ្ញា ចង់ចូលរួមថែរក្សា និងលើកស្ទួយមរតកទាំងនោះ ទើបសម្រេចចិត្តចូលរៀនសូត្រ។
តាមការបញ្ជាក់បន្ថែមពី សៀវសៀន អ្នករៀនសាក់យ័ន្ដ ត្រូវមានចំណេះដឹងច្បាស់លាស់ពីអក្ខរៈ និងតួព្យញ្ជនៈខ្មែរ ព្រោះយ័ន្ដទាំងអស់សុទ្ធតែបញ្ចូលតួរព្យញ្ជនៈទាំងនោះ ហើយអានជាភាសាបាលី ឬគាថាបាលី។ សៀវសៀន បញ្ជាក់ថា នេះ គឺជាការលំបាកមួយសម្រាប់អ្នករៀនសាក់យ័ន្ដ។