ប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូង លោក ហាន ឌុក សូ (Han Duck-soo) បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី24 ខែមេសានេះថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីស្វែងរកដំណោះស្រាយ “ឈ្នះ ឈ្នះ” នៅក្នុងកិច្ចចរចាពាណិជ្ជកម្មនាពេលខាងមុខជាមួយសហរដ្ឋអាមេរិក។ គណៈប្រតិភូកូរ៉េខាងត្បូង នឹងជួបសមភាគីអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់កិច្ចចរចាពាណិជ្ជកម្ម ដែលរួមមានកិច្ចសហប្រតិបត្តិការលើការកសាងនាវា ថាមពល និងការកាត់បន្ថយពន្ធ ដែលរំពឹងទុកនៅក្នុងរបៀបវារៈ។ ប្រទេសកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងពន្ធ 25% របស់សហរដ្ឋអាមេរិក ខណៈដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានស្នើនូវថវិកាបន្ថែមចំនួន 12.2 ពាន់ពាន់លានវ៉ុន ឬស្មើនឹង 8.60 ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងការកើនឡើងហានិភ័យចំពោះកំណើនសេដ្ឋកិច្ចនៅពេលប្រឈមមុខនឹងសង្រ្គាមពាណិជ្ជកម្មសកល និងភាពមិនប្រាកដប្រជាចំពោះនយោបាយក្នុងស្រុក។