ទាហានហ្វីលីពីន និងអាមេរិកប្រមាណ 14.000 នាក់ បានចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំកាលពីថ្ងៃចន្ទ ទី21 ខែមេសា សម្រាប់ "ការសាកល្បងសមរភូមិ" រវាងសម្ព័ន្ធមិត្តសន្ធិសញ្ញាការពារជាតិទាំងពីរ ខណៈដែលកំពុងប្រឈមមុខនឹងកង្វល់សន្តិសុខក្នុងតំបន់ រួមទាំងភាពតានតឹងនៅសមុទ្រចិនខាងត្បូង។ សមយុទ្ធប្រចាំឆ្នាំ បាលីកាតាន់"Balikatan" ដែលប្រែថា ការប្រកៀកស្មាគ្នា នឹងដំណើរការរយៈពេល 3 សប្តាហ៍រហូតដល់ថ្ងៃទី 9 ខែឧសភា ដោយបង្ហាញពីគ្រឿងសព្វាវុធទំនើបៗរបស់សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន។ គួរបញ្ជាក់ផងដែរថា ក្រុមទាហាននៃប្រទេសផ្សេងទៀត ដូចជាអូស្ត្រាលី ជប៉ុន អង់គ្លេស បារាំង និងកាណាដា ក៏ចូលរួមក្នុងសមយុទ្ធនេះផងដែរ ខណៈដែលក្រុមទាហានមកពីប្រទេសចំនួន 16 ផ្សេងទៀតចូលរួមជាអ្នកសង្កេតការណ៍។