វេទិកាប្រកួតសម្រស់ដ៏ចំណាស់នៅលើពិភពលោក និងកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា កញ្ញាឯកចក្កវាឡកម្ពុជា បានបើកទំព័រសម្រាប់រដូវកាលថ្មីរបស់ខ្លួនហើយ។ នៅក្នុងថ្ងៃសន្និសីទសារព័ត៌មាន ស្តីពីកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ ២០២៥ កាលពីថ្ងៃទី ២៥ ខែមេសា ថ្មីៗនេះ លោក ឈួង យីវឆូយ ដែលជាអ្នកគ្រប់គ្រង បានឱ្យដឹងពីទម្រង់នៃការប្រកួតមួយចំនួន ដែលមានភាពខុសប្លែកពីឆ្នាំរាល់ដង និងមានភាពថ្មីប្លែកសម្រាប់វិស័យប្រកួតសម្រស់នៅក្នុងប្រទេសកម្ពុជាផងដែរ។ តាមការបញ្ជាក់របស់លោក បានឱ្យដឹងថា បវរកញ្ញាកម្ពុជាជាច្រើនរូបបានដាក់ពាក្យសម្រាប់ការប្រកួតមួយនេះ ដែលមកពីគ្រប់ទិសទីនិងមានភាពចម្រុះគ្នា ពោលគឺមានទាំងបវរកញ្ញាដែលមានបទពិសោធន៍ស្រាប់ បវរកញ្ញាមុខថ្មី ជាស្ត្រីដែលមានគ្រួសារ និងជាគ្រូបង្រៀនជាដើម។ ក្នុងនោះ កម្មវិធីនឹងចម្រាញ់យកបេក្ខនារីដែលមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីតំណាងឱ្យស្ត្រីខ្មែរចំនួន ២០ រូបប៉ុណ្ណោះ។ បេក្ខនារីផ្លូវការណ៍ទាំងនោះនឹងបន្តបេសសកម្មរបស់ខ្លួននៅក្នុងការប្រកួត ដែលឆ្នាំនេះការប្រកួតមានភាពខុសប្លែកពីឆ្នាំរាល់ដង ដែលមានដូចជា វគ្គ Keyword Challenge, វគ្គឈុតតំណាងជាតិ, ដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ចំនួនពីរ គឺខេត្តសៀមរាប និងខេត្តព្រះសីហនុ, កម្មវិធី Charity Gala dinner និងវគ្គពិសេសៗជាច្រើនទៀត។
គួរឱ្យដឹងបន្ថែមថា ការប្រកួតនឹងចាប់ផ្តើមពីខែ មេសា ដល់ ខែ កក្កដា ឆ្នាំ ២០២៥ នេះតទៅ ហើយជាមួយនឹងឆន្ទៈ និងចក្ខុវិស័យច្បាស់លាស់ លោក ឈួង យីវឆូយ ក៏សង្ឃឹមថា កម្ពុជានឹងកាន់តែមានកេរ្តិ៍ឈ្មោះរីកសុះសាយនៅលើពិភពលោក តាមរយៈវេទិកាប្រកួតសម្រស់ កញ្ញាឯកចក្កវាឡកម្ពុជា នេះផងដែរ៕