ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាតំណាង ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំនាយបេសកកម្មលើកទី២ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សបឋមថ្នាក់ជាតិ ឆ្នាំ២០២៥ ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកកីឡា។
ឯកឧត្តម ប៉ុន សុខ បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណចំពោះវត្តមានតំណាងសហព័ន្ធកីឡាជាតិ និងប្រធានប្រតិភូរាជធានី ខេត្ត អង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច ប្រតិភូកីឡា រាជធានី ខេត្ត បានសហការរៀបចំ និងចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ រៀបចំឡើងក្រោមប្រធានបទ៖ “កីឡាដើម្បីសុខភាពសិក្សា”។ ការរៀបចំប្រកួតនាដើមខែឧសភាខាងមុខនេះ គឺស្ទើរតែរួចរាល់ទាំងស្រុងទៅហើយ ដោយយើងនៅចាំតែអនុវត្តប៉ុណ្ណោះ ដើម្បីឲ្យការប្រកួតដំណើរការរលូន និងទទួលបានជោគជ័យ ខ្ញុំសូមចូលរួមរំលឹក និងផ្តល់អនុសាសន៍។
ឯកឧត្តម អគ្គនាយកបានបន្តថា ប្រតិភូកីឡារាជធានីខេត្តទាំងអស់តាមដានការធ្វើដំណើររបស់គ្រូបង្វឹក និងក្មួយៗកីឡាករ-កីឡាការិនីត្រូវមកចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ តាមដំណាក់កាលៗ ដែលគណៈកម្មការរៀបចំការប្រកួត រៀបចំជូន។ប្រតិភូកីឡារាជធានីខេត្តរក្សាឲ្យបាននូវការយោគយល់ ការអធ្យាស្រ័យ និងការសហការគ្នា រវាងខេត្ត និងគណៈកម្មការគ្រប់ផ្នែក ដើម្បីសម្របសម្រួលការងារចាំបាច់ទូទៅ។ ប្រតិភូកីឡារាជធានី ខេត្ត ត្រូវបន្តឲ្យមានការហាត់សមរៀងរាល់មុនការប្រកួតរបស់ប្អូនកីឡាករ-កីឡាការិនី ដើម្បីឱ្យប្រាកដថា ការចូលរួមប្រកួតមិនប៉ះពាល់ដល់សាច់ដុំ ឬបញ្ហាផ្សេងៗទៀត។
ឯកឧត្តម ប៉ុន សុខ បានបញ្ជាក់ថា សូមចូលរួមទាំងអស់គ្នាគោរពឲ្យបាននូវគោលការណ៍ត្រឹមត្រូវ និងសុក្រឹតក្នុងអនុញ្ញាតឲ្យកីឡាករ-កីឡាការិនី តាមអាយុកំណត់ ដែលគណៈកម្មការរៀបចំការប្រកួត មានចែងក្នុងបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេសតាមប្រភេទកីឡានីមួយៗ . ត្រូវចូលរួមក្នុងការវាយតម្លៃ និងធ្វើរបាយការណ៍អំពីសមាសភាពដែលមានភាពអសកម្ម និងចំណុចខ្វះខាតផ្សេងៗ ដើម្បីជាមូលដ្ឋានកែលម្អការរៀបចំប្រកួតឱ្យបានកាន់តែល្អប្រសើរឡើង នាពេលអនាគត។