លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទ ទី7 ខែមេសាថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងចាប់ផ្តើមកិច្ចចរចាដោយផ្ទាល់លើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលជាការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់បានប្រតិកម្មចំពោះការអំពាវនាវរបស់សហរដ្ឋអាមេរិកឲ្យមានការចរចាបែបនេះ។ អ៊ីរ៉ង់ បានរុញច្រានប្រឆាំងនឹងការទាមទាររបស់លោកប្រធានាធិបតី ត្រាំ ជុំវិញការចូលតុចរចាដោយផ្ទាល់លើកម្មវិធីនុយក្លេអ៊ែរ ឬក៏ត្រូវរងការវាយប្រហារទម្លាក់គ្រាប់បែកពីអាមេរិក។ ការព្រមានដោយលោកប្រធានាធិតី ត្រាំ អំពីសកម្មភាពយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បានបង្កឲ្យមានភាពតានតឹងរួចទៅហើយនៅទូទាំងតំបន់មជ្ឈឹមបូព៌ា ខណៈដែលសង្រ្គាមនៅតែបន្តផ្ទុះឡើងតំបន់ហ្គាហ្សា ប្រទេសលីបង់ ការវាយប្រហារលើប្រទេសយេម៉ែន ការផ្លាស់ប្តូរការដឹកនាំនៅក្នុងប្រទេសស៊ីរី និងការបាញ់ប្រហាររវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។