ភ្នំពេញ ៖ 

កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលក្លែងខ្លួនជានគរបាលចំនួន០៦នាក់ កាលពីវេលាម៉ោង ១២យប់ពាក់កណ្ដាលអាធ្រាត្រ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥  នៅតាមផ្លូវរថភ្លើងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ជនសង្ស័យទាំង ៦នាក់ នោះរួមមានទី១-ឈ្មោះ បាន ភ័ត្រ្ដា មុខរបរកម្មករសំណង់   ស្នាក់នៅបន្ទប់ជួលលេខ៤២ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ, ទី២-ឈ្មោះ គង់ យ៉ងជូរ ភេទប្រុស ជាសិស្សស្នាក់នៅខណ្ឌសែនសុខ, ទី៣-ឈ្មោះ ពុង ម៉េងហ៊ួរ ភេទប្រុស ជាសិស្សស្នាក់នៅផ្ទះលេខ៤៣D ភូមិបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ, ទី៤-ឈ្មោះ ឈុន ដារីញ៉ែល ភេទប្រុស ជាសិស្សស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ទី៥-ឈ្មោះ ម៉ៅ ផាន់នីម័រ ភេទប្រុស មុខរបរកម្មករ ស្នាក់នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងទី៦ឈ្មោះ តាំង ភក្ដី ភេទប្រុស មុខរបរជាងម៉ាសុីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក     សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ 

នគរបាលបានប្រាប់ថា ក្រុមនេះគឺជាមុខសញ្ញាប្លន់ផងដែរ ដែលកន្លងមកធ្លាប់ធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទពីគេបានសម្រេចនៅត្រង់ចំណុចខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដាក់កម្លាំងល្បាត និងធ្វើការស្រាវជ្រាវរកក្រុមនេះ។ ពេលនោះបានឃើញជនសង្ស័យទាំង ៦នាក់ ក្នុងនោះមានម្នាក់ស្លៀកឯកសណ្ឋាននគរបាលជាតិ និង ៥នាក់ទៀតស្លៀកពាក់សុីវិល ជិះម៉ូតូចំនួន ៣គ្រឿង    នៅតាមផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ហើយកម្លាំងក៏បានឃាត់ធ្វើការត្រួតពិនិត្យ។

នគរបាលបានប្រាប់តទៀតថា ខណៈនោះឃើញជនដែលស្លៀកពាក់សុីវិលមានប័ណ្ណសម្គាល់ខ្លួនជាមន្រ្តីនគរបាលព្រមទាំងសម្ភារៈមួយចំនួនទៀតនៅជាប់ខ្លួន ហើយកម្លាំងនគរបាលប៉ុស្តិ៍និងខណ្ឌ ក៏បានដកហូតរួមទាំងយកទាំងវត្ថុតាងមួយចំនួនទៀតដូចជាវិទ្យុទាក់ទង ឯកសណ្ឋាននគរបាល ប័ណ្ណសម្គាល់ខ្លួនមន្រ្តីនគរបាល ចម្ពាមកៅសូ៊ ទូរស័ព្ទចំនួន ០៧គ្រឿង, ម៉ូតូម៉ាក Hond Dream ពណ៌ខ្មៅ ១គ្រឿង, ម៉ាក Honda Wave ពណ៌ខ្មៅ ១គ្រឿង, ម៉ាក Honda Scoopy ពណ៌ក្រហម១គ្រឿង។ 

បន្ទាប់មកបានបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕