កំពង់ស្ពឺ៖ 

បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ ធ្វើការឃាត់ខ្លួនបានភ្លាមៗតាមបណ្តឹងម្តាយរបស់នារីរងគ្រោះ ខណៈដែលបុរសវ័យចំណាស់រូបនោះផឹកស្រាស្រវឹងហើយចូលទៅក្នុងផ្ទះនារីរងគ្រោះ ប៉ុនប៉ងរំលោភសេពសន្ថវ: ហើយ ម្តាយនារីរងគ្រោះចូលទៅទាន់ស្រែក។

ហេតុការណ៍ឃាត់ខ្លួនបុរសវ័យចំណាស់ប៉ុនប៉ងរំលោភនារីខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី ២៣ ខែមេសាឆ្នាំ២០២៥ នៅចំណុចក្នុងផ្ទះនារីរងគ្រោះស្ថិតនៅក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តំពង់ស្ពឺ ។

នគរបាលស្រុកឱរ៉ាល់បាននិយាយឱ្យដឹងថា បុរសវ័យចំណាស់ដែលឃាត់បាន មានឈ្មោះខៀវ ភា ហៅ(ឆក) អាយុ៥២ឆ្នាំ រស់នៅភូមិពស់វែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចំណែកនារីរងគ្រោះមានឈ្មោះ ស ស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិ-ឃុំ ជាមួយជនសង្ស័យខាងលើដែរ។

នគរបាលស្រុកឱរ៉ាល់ បានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះម៉ី អន អាយុ៦១ឆ្នាំ រស់នៅភូមិឃុំកើតហេតុដែលត្រូវជាម្ដាយនារីរងគ្រោះរួចមក កំលាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រួមជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរស្មីសាមគ្គី បានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវនិងធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះខៀវ ភា ហៅ(ឆក) អាយុ៥២ឆ្នាំ យកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីធ្វើការសាកសួរ ។

តាមចម្លើយសារភាពរបស់ឈ្មោះខៀវ ភា ហៅ(ឆក)រស់នៅភូមិពស់វែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឆ្លើយសារភាពថាខ្លួនពិតជាបានចូលទៅដេកលើគ្រែក្នុងផ្ទះរបស់នារីរងគ្រោះពិតមែនកំពុងដេកស្រាប់ តែម្ដាយជនរងគ្រោះមកទាន់ហើយប្ដឹងទៅសមត្ថកិច្ចតែម្ដង។ បច្ចុប្បន្នបុរសចំណាស់ជាជនសង្ស័យល្មោភកាមខាងលើ ត្រូវបាននគរបាលឃាត់ខ្លួនទុកនៅអធិការដ្ឋានស្រុកឱរ៉ាល់បណ្នោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕