ភ្នំពេញ ៖
ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទិញដី និងផ្ទះបុរី ភីធី ប្រាក់ ចាន់ធឿន ប្រមាណ ២០០នាក់ បាននាំគ្នាជួបប្រមូលផ្តុំដើម្បីផ្តិតមេដៃស្នើរសុំទៅក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ដើម្បីឲ្យជួយអន្តរាគមន៍ និងដោះស្រាយបន្ទាប់ពីពួកគេទិញដីនិងផ្ទះអស់រយៈពេលប្រមាណជាង៥ឆ្នាំហើយ ពុំបានប្លង់កម្មសិទ្ធិ ហើយផ្ទះក៏ធ្វើមិនទាន់ហើយនិងលក់ជាន់ៗគ្នា។
ការជួបប្រមូលផ្ដុំតវ៉ានេះបានផ្ទុះឡើងជាថ្មីកាលពីវេលាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ដោយពួកគាត់បានជួបប្រមូលផ្ដុំនាំគ្នាផ្តិតមេដៃនៅសាលាឃុំឈ្វាំង និងលើកគ្នាទៅជួបប្រមូលផ្ដុំគ្នានៅក្នុង បុរីភីធី ប្រាក់ ចាន់ធឿន ឯ.ក ដែលស្ថិតនៅ ភូមិឈ្វាំង និងភូមិព្រៃផ្ចឹក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល។
លោក អ៊ី រតនា តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា ការជួបប្រមូលផ្ដុំគ្នាថ្ងៃនេះដើម្បីផ្តិតមេដៃស្នើសុំទៅក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដើម្បីឲ្យជួយអន្តរាគមន៍ដោះស្រាយជាលើកទី២ ចំពោះបញ្ហាប្លង់ដី ផ្ទះ ផ្ទះលក់ត្រឡប់ជាន់ៗគ្នា និងហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាផ្សេងៗទៀតនៅក្នុង បុរីភីធី ប្រាក់ ចាន់ធឿន និងស្នើសុំក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ បង្កើតគណៈកម្មការដោះស្រាយ ព្រោះពួកគាត់ពុំទុកចិត្តអ្នកទទួលសិទ្ធិថ្មីនោះទេ។
តំណាងប្រជាពលរដ្ឋបានឲ្យដឹងទៀតថា កាលពីកំឡុងចុងឆ្នាំ២០១៩ ប្រជាពលរដ្ឋបាននាំគ្នាទៅទិញផ្ទះនៅ បុរីភីធី ប្រាក់ ចាន់ធឿន គម្រោងទី១ នេះស្ថិតនៅភូមិឈ្វាំងនិងភូមិព្រៃផ្ចឹក ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល ដោយអ្នកខ្លះបានបានបង់លុយឲ្យក្រុមហ៊ុនគ្រប់ចំនួន ហើយក្រុមហ៊ុនពុំបានសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះទៅតាមកិច្ចសន្យានោះទេ ដែលរហូតមកដល់បច្ចុប្បន្ននេះផ្ទះខ្លះបានសាងសង់បានប្រមាណ ៣០% ឬ ៤០% និងខ្លះទៀតសាងសង់រួចរាល់តែម្ចាស់បុរីពុំបានរៀបចំកាត់ឈ្មោះផ្ទេរកម្មសិទ្ធិទៅដល់អតិថិជនឡើយ។ មិនតែប៉ុណ្ណោះថែមទាំងយកដី និងផ្ទះទៅលក់ជាន់ៗគ្នា និងដាក់បញ្ចាំនៅធនាគារទៀត ជាហេតុធ្វើឲ្យពួកគាត់ជាអ្នករងគ្រោះទិញផ្ទះអស់លុយមិនបានផ្ទះ មិនបានប្លង់ ហើយអ្នកខ្លះលក់ត្រឡប់ទៅវិញក៏មិនបាន លុយ។
តាមប្រជាពលរដ្ឋរងគ្រោះបានឲ្យដឹងទៀតថា នៅកំឡុងឆ្នាំ២០២៣ ម្ចាស់បុរីបានរំលាយស្នាក់ការចោល និងរត់គេចខ្លួនបាត់អស់ ស្រាប់តែនៅដើមឆ្នាំ២០២៥ មានលេចមុខ លោក យ៉ូសែប លីម ទទួលបានសិទ្ធិពី លោក ប្រាក់ ចាន់ធឿន អគ្គនាយកក្រុមហ៊ុន បុរី ភីធី ប្រាក់ ចាន់ធឿន ឯ.ក (គម្រោង១) តាមរយៈលិខិតជូន ដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លេខ៣០៩៩ ដនស ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។ លោក យ៉ូសែប លីម បានប្រកាសខ្លួនឯងថា ជាម្ចាស់បុរីភីធី ប្រាក់ ចាន់ធឿន ឯ.ក និងបានប្តូរឈ្មោះបុរីនេះទៅជាបុរីប្រណិត សោម៉ា (Borey Pranit Sorma) ដោយមិនបានពិគ្រោះយោបល់ពីអតិថិជនរងគ្រោះ មិនបង្ហាញពីលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបុរីនេះ មិនតែប៉ុណ្ណោះបានដោះចោលទ្វារនៅខ្លោងទ្វារចេញចូល ប្រើសំដីគំរាមកំហែងប្តឹងអតិថិជន ទៀត។ បុរីភីធី ប្រាក់ ចាន់ធឿន នេះមានផ្ទះ និងដីឡូចំនួន ៤៩៩៕