កំពង់ស្ពឺ៖ 

ក្រុមមុខសញ្ញារក្សាទុកនិងជួញដូរនូវសារធាតុញៀនចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ធ្វើការឆ្មក់បង្ក្រាបបាន ខណៈដែលមុខសញ្ញាខាងលើ កំពុងតែចរាចរណ៍គ្រឿងញៀន ហើយ កម្លាំងនគរបាលប្រទះឃើញ។

ការបង្ក្រាបមុខសញ្ញារក្សាទុកនិងជួញដូរគ្រឿងញៀនខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ ខែមេសា  ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសាមគ្គីមុនីជ័យ បាននិយាយឱ្យដឹងថា មុនឈានដល់ធ្វើការបង្ក្រាបមុខសញ្ញារក្សាទុកនិងជួញដូរគ្រឿងញៀន គឺមានការរាយការណ៍ពីប្រជាពលរដ្ឋជាប្រចាំថានៅចំណុចក្រោយផ្ទះ របស់ឈ្មោះ ឡុក ដុង ភេទប្រុស ស្ថិតនៅភូមិព្រៃធំ  ឃុំយុទ្ធសាមគ្គី ស្រុក សាមគ្គីមុនីជ័យ តែងតែមានមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ចេញចូលធ្វើសកម្មភាព នៅទីនោះជារៀងរាល់យប់ ។

ជាក់ស្តែង កំលាំងនគរបាល បានឃាត់និងត្រួតពិនិត្យ ឆែកឆេរកឃើញ៖

-ម្សៅក្រាមពណ៌ស សង្ស័យថាជាគ្រឿងញៀនចំនួន៣៥កញ្ចប់(៣២តូច ៣មធ្យម)

-ទូរស័ព្ទដៃចំនួន៥គ្រឿង

-ជញ្ចីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង

-ម៉ូតូចំនួន២គ្រឿង

-ឧបករណ៍កែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផង ។

បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាងម៉ាទឹកកកចំនួន៣៥កញ្ចប់ ត្រូវបាននគរបាលស្រុកសាមគ្គីមុនីជ័យ កសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការបន្តតាមផ្លូវច្បាប់៕