(ពីប្រទេសចិន)៖ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវឆាយ ធ្វើទស្សនកិច្ច និងចូលរួមពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នយុទ្ធគុនចិន និងគុនខ្មែរ សហការរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរនៅព្រះរាជាណាចក្រកម្ពុជា និងប្រទេសចិន ផ្លាស់ប្តូរកីឡាករ គ្រូបង្វឹក ផ្លាស់ប្តូរបច្ចេកទេសបទពិសោធន៍ ការអភិវឌ្ឍន៍ជំនាញវិទ្យាសាស្ត្រកីឡា ព្រមទាំងជំរុញការផ្សារភ្ជាប់កីឡា សិល្បៈវប្បធម៌ និងទេសចរណ៍ទៅវិញទៅមក ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរប្រទេសទាំងពីរ នៅព្រឹកថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នាទីក្រុងផឹងចូវ (PengZhou) ចំណុះក្រុងឆឹងទូ (ChengDu) ខេត្តស៊ីឈួន (SiChuan) សាធារណៈរដ្ឋប្រជាមានិតចិនតបតាមការអញ្ជើញរបស់ស្ថាប័នអឺម៉ីលេជិន E-Mei Legend ដែលជាស្ថាប័នរៀបចំការប្រកួតកីឡាយុទ្ធគុនដ៏ធំបំផុតមួយ (Top3) របស់ចិន។
ក្នុងឱកាសនោះ ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវឆាយ បានចុះអនុស្សរណៈយោគយល់គ្នា រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ស្ថាប័ន E-Mei Legend ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រព្រឹត្តិការណ៍កីឡាយុទ្ធគុន និងការផ្លាស់ប្តូរវប្បធម៌ វិនិយោគនិងទេសចរណ៍ ក្រោមអធិបតីភាពលោកអភិបាលក្រុងផឹងចូវ ចំណុះក្រុងឆឹងទូ នៃខេត្តស៊ីឈួន សាធារណៈរដ្ឋប្រជាមានិតចិន។
ទន្ទឹមនឹងនោះ ស្ថាប័ន E-Mei Legend បានស្នើសុំបង្កើតក្លឹបប្រដាល់គុនខ្មែរទី១ នៅទីក្រុងឆឹងទូ និងប្រកាសចាប់ផ្តើមដំណើរការនៅខែសីហា ឆ្នាំ២០២៥ខាងមុខនេះ។