ភ្នំពេញ ៖ 

បុរសម្នាក់ត្រូវរថយន្តដឹកខ្សាច់កិនស្លាប់នៅនឹងកន្លែង ខណៈពេលដែលរត់ទៅតោងរថយន្តរួចទម្លាក់ខ្លួនចូលទៅក្រោមកង់រថយន្ត។ ករណីនេះគេសង្ស័យថា បុរសនោះធ្វើអត្តឃាត។ ទោះបីជាយ៉ាងណាគេពុំដឹងថា បុរសនោះមានវិបត្តិអ្វីនោះទេ។ 

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣៥នាទី   ថ្ងៃត្រង់  ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ០៥ ក្នុងភូមិស្វាយប៉ាក   សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

បុរសរូបនោះពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយមានអាយុប្រមាណជាង ៤០ ឆ្នាំ ពាក់អាវដៃវែង ពណ៌ផ្ទៃមេឃ ស្លៀកខោខ្មៅជើងវែង។ រថយន្តដែលកិនមនុស្សស្លាប់នោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ  3H-7524 អ្នកបើកបរបានរត់គេចខ្លួនបាត់។ 

តាមប្រភពព័ត៌មានឱ្យដឹងថា  នៅមុនពេលកើតហេតុគេឃើញបុរសរូបនោះបានមកអង្គុយនៅចំណុចមុខដេប៉ូខ្សាច់ កន្លែងកើតហេតុខាងលើមិនដឹងថាមានវិបត្តិអ្វីនោះទេ។ មានរថយន្តដឹកខ្សាច់មួយគ្រឿងបើកចេញពីដេប៉ូខាងលើស្រាប់តែបុរសរូបនោះបានរត់ទៅតោងរថយន្តរួចទម្លាក់ខ្លួនចូលក្រោមកង់រថយន្តកិនស្លាប់តែម្ដង។

តាមកាមេរ៉ាសុវត្ថិភាពបុរសរូបនោះត្រូវបានរថយន្តកិនអូសជាច្រើនម៉ែត្រ ហើយអ្នកជិតខាងនិងអ្នកធ្វើដំណើរបានស្រែកទើបរថយន្តនោះឈប់រួចអ្នកបើកបរក៏បានរត់គេចខ្លួនបាត់។បន្ទាប់ពីកើតហេតុនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ រួចទាក់ទងទៅនគរបាលចរាចរណ៍ផ្លូវគោក ចុះទៅវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យ រងចាំការដោះស្រាយ។ ចំណែកសពត្រូវរថយន្តដឹកយកទៅតម្កល់នៅឈាបនដ្ឋានដើម្បីស្រាវជ្រាវរកសាច់ញាតិ៕