ភ្នំពេញ៖ 

នារីម្នាក់ បានជិះម៉ូតូ១គ្រឿងជាមួយបុរសម្នាក់ ដែលត្រូវជាមិត្តភក្ដិសង្សាររបស់បងស្រីខ្លួន ហើយក៏ត្រូវជននោះលួងលោម ចូលផ្ទះសំណាក់ ប៉ុន្តែនាងមិនព្រម បន្ទាប់មក ជននោះ ក៏បានដឹកទៅកាន់កន្លែងស្ងាត់ រួចក៏ធ្វើសកម្មភាពចាប់រំលោភ តែមិនបានសម្រេច ធ្វើឲ្យជនសង្ស័យខឹង រួចក៏បានវាយ បណ្ដាលឲ្យនារីរូបនោះ រងរបួសធ្ងន់ ហើយជនសង្ស័យប្លន់យកទូរស័ព្ទ និង លុយមួយចំនួនរួចជិះម៉ូតូគេចខ្លួនបាត់។ 

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ជិតភ្លឺថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៥ នៅចំណុចដីវាល ស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ ក្រុងទី៣ ភូមិគោកខ្សាច់ សង្កាត់ ប្រឡះឡាង ខណ្ឌ កំបូល រាជធានីភ្នំពេញ ។ 

ជនរងគ្រោះ ឈ្មោះឌីន ចាន់រី ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិរលាំង ឃុំត្បែង ខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រងរបួសផ្ទៃមុខនិងបាក់ធ្មេញធ្ងន់ធ្ងរ ។ នាងត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកជនសង្ស័យមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ។

ជនរងគ្រោះ បានឲ្យដឹងថានៅមុនពេលកើតហេតុ នាងបានជូនបងស្រី របស់ខ្លួន ជួប សង្សារគាត់នៅកន្លែងមួយ ម្ដុំកាណាឌីយ៉ា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហើយ បានផឹកស៊ីជុំគ្នានៅទីនោះ ដោយក្នុងនោះ ក៏មានជនសង្ស័យម្នាក់ដែលជាមិត្តភក្ដិសង្សាររបស់បងស្រីនាងផងដែរ ។ លុះក្រោយមក បងស្រីរបស់នាង បានទៅជាមួយសង្សារ ។ ចំណែករូបនាង ត្រូវបានជនសង្ស័យដឹកចេញពីកន្លែងផឹកស៊ី ហើយជននោះបានបបួលនាង ទៅចូលផ្ទះសំណាក់មួយកន្លែង តែនាង មិនយល់ព្រម ។ ខណៈនោះជនសង្ស័យ បានដឹកនាងទៅកាន់កន្លែងដីវាលស្ងាត់ ស្ថិតនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ ក្រុងទី៣ ភូមិគោកខ្សាច់ សង្កាត់ ប្រឡះឡាង ខណ្ឌ កំបូល រាជធានីភ្នំពេញ ។

នារីរងគ្រោះ បាននិយាយទៀតថាបន្ទាប់មក ជនសង្ស័យ បានធ្វើសកម្មភាពចាប់រំលោភនាង ប៉ុន្តែនាងមិនព្រម ទើបរំលោភមិនបានសម្រេច ហើយជននោះ ក៏បានវាយនាងបណ្ដាលឲ្យរងរបួសមុខនិងបាក់ធ្មេញ ហើយ នាងបានធ្វើជាសន្លប់ ទើបជននោះ ឈប់វាយ រួចប្លន់យកទូរស័ព្ទ១គ្រឿង និង លុយ ចំនួន២០ម៉ឺន រៀល ជិះម៉ូតូគេចខ្លួនបាត់ ។ ក្រោយមក នាងបានស្រែកហៅ អោយគេជួយ។ នៅពេលនោះដែរ ក៏ឃើញមានរថយន្ត កុងតឺន័រមួយគ្រឿង បើកមកដល់ចំណុចកើតហេតុនិងបានឈប់ ហើយ អ្នកបើកបររថយន្តកុងតឺន័រនិងប្រពន្ធ បានជួយដល់រូបនាង ដោយបានរាយការណ៍ដល់សមត្ថកិច្ច ព្រមទាំងហៅរថយន្តពេទ្យដឹកនាងទៅកាន់មន្ទីរពេទ្យ ។

បុរសអ្នកបើករថយន្តកុងតឺន័រ បាននិយាយថាខណៈគាត់កំពុងបើករថយន្តតាមផ្លូវក្រវ៉ាត់ក្រុងទី៣ បានប្រទះឃើញស្រ្តីខាងលើកំពុងឈរស្ទាក់ផ្លូវឲ្យជួយ ដោយមានឈាមពេញមុខនិងខ្លួនប្រាណ គាត់ក៏បានឈប់រថយន្តរួចសួរនាំ ហើយនាងឆ្លើយថា ត្រូវគេចាប់រំលោភនិងវាយប្លន់យកទ្រព្យសម្បត្តិ ហើយ ទំលាក់ទុកចោល។ បន្ទាប់ គាត់ក៏បាន ទាក់ទងទៅប្រពន្ធរបស់គាត់ឲ្យមកជួយ និងរាយការណ៍ជូនសមត្ថកិច្ចឲ្យទៅធ្វើការស្រាវជ្រាវរកជនសង្ស័យតាមជំនាញ និងហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕