ភ្នំពេញ ៖
លោកទេស សម្បត្តិ អតីតកីឡាករបាល់ទាត់ជម្រើសជាតិ បានជិះម៉ូតូធ្លាក់ទឹកប្រឡាយ ស្ថិតនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យលង់ទឹកស្លាប់បាត់បង់ជីវិតកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ហើយសពកីឡារកររូបនេះត្រូវបានអាជ្ញាធររាវរកឃើញនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។
បើតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា លោក ទេស សម្បត្តិ អាយុ២៨ឆ្នាំ ស្នាក់នៅបុរីទីលាង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងជាកីឡាករខ្សែការពាររបស់ក្លិបបាល់ទាត់វិសាខាផងដែរ ។
នៅមុនពេលកើតហេតុកីឡាកររូបនេះ បានជិះម៉ូតូមួយគ្រឿងម៉ាកHonda ADV ពាក់ស្លាកលេខ ភ្នំពេញ1KY-4937 តាមផ្លូវខ្នងប្រឡាយខាងលើក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុផ្លូវកោងបត់មិនទាន់ក៏ជ្រុលធ្លាក់ចូលទៅក្នុងទឹកប្រឡាយខាងលើដែលមានជម្រៅជាង៤ម៉ែត្រ បណ្ដាលឲ្យស្លាប់បែបនេះតែម្ដង ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថានៅវេលាយប់កើតហេតុ ក្រុមអ្នកបើកគ្រឿងចក្រធ្វើផ្លូវ ដែលសម្រាកនៅជិតកន្លែងកើតហេតុនោះបានខលប្រាប់ថា មានម៉ូតូ១គ្រឿងធ្លាក់ទឹកប្រឡាយ ពេលនោះនគរបាលប៉ុស្តិ៍ និងអាជ្ញាធរសង្កាត់សាក់សំពៅ ព្រមទាំងកម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋបានចេញទៅរាវរកទាំងយប់ ។ ខណៈនោះបានប្រទះឃើញម៉ូតូ១គ្រឿងម៉ាកHonda ADV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KY-4937 នៅក្នុងទឹកប្រឡាយនោះមែន បន្ទាប់មកបានបន្តរាវរកម្ចាស់ម៉ូតូទៀត ប៉ុន្តែរាវរកច្រើនម៉ោងអត់ឃើញឡើយកម្លាំងក៏បានសម្រេចចិត្តសម្រាកសិន ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា លុះដល់វេលាព្រឹកថ្ងៃទី២១ ខែមេសា ក៏រាវរកបន្តទៀតហើយរហូតដល់វេលាម៉ោង៩ព្រឹកថ្ងៃដដែល ទើបប្រទះឃើញសពជនរងគ្រោះ រួចបានស្រង់ឡើងគោកប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តកំពង់ស្ពឺ ៕