ភ្នំពេញ ៖ 

ក្រុមក្មេងទំនើងប្រុស-ស្រីដែលបង្កហិង្សាវាយតប់គ្នាយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនបានជាបន្តបន្ទាប់ ចំនួន៨នាក់ ដើម្បីសាកសួរ ។ ការឃាត់ខ្លួនក្រុមក្មេងទំនើងនេះបានធ្វើឡើងបន្ទាប់ពីមានការបង្ហោះ និងស៊ែរតៗគ្នាព្រោងព្រាតនៅក្នុងបណ្ដាញសង្គម។

តាមព័ត៌មានឲ្យដឹងថា អំពើហិង្សានេះបានកើតឡើងកាលពីវេលា ម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ នេះនៅក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១    ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ ។ ទាក់ទិននឹងការប្រើហិង្សានេះត្រូវបាននគរបាលឲ្យដឹងថា ផ្ដើមចេញពីរឿងប្រចណ្ឌសង្សារបស់ខ្លួនជាមួយមិត្តភក្កិ ក៏ឈានទៅជាទំនាស់បង្កហិង្សាវាយតប់គ្នាយ៉ាងអាណាធិបតេយ្យនៅលើដងផ្លូវតែម្ដង។ 

តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញក្រុមក្មេងទំនើងមានគ្នាចំនួន៦នាក់ ក្នុងនោះមានស្រី ២នាក់ និងប្រុស ៤នាក់ បានធ្វើដំណើរមកបន្ទប់ជួលរបស់ខ្លួននៅកន្លែងកើតហេតុហើយនាំគ្នាផឹកស៊ីអស់ស្រាបៀរមួយកេះ។ បន្ទាប់ពីផឹកស៊ីស្រវឹងរៀងខ្លួនជនសង្ស័យម្នាក់បានប្រចណ្ឌសង្សាររបស់ខ្លួនជាមួយមិត្តភក្តិដែលកំពុងផឹកស៊ីជាមួយគ្នានោះហើយក៏កើតទៅជាទំនាស់។ ក្រោយមកពួកគេបាននាំគ្នាទៅបាត់ទៅមួយសន្ទុះក្រោយមកក៏បានមករករឿងវាយតប់គ្នាយ៉ាងអាណាធិបតេយ្យ។              នៅក្នុងសកម្មភាពនោះក៏មានអ្នកជិតខាងបានថតបង្ហោះ និងមានស៊ែរតៗគ្នានៅក្នុងបណ្ដាញសង្គម។

តាមព័ត៌មានអោយដឹងទៀតថា ដោយមានបទបញ្ជា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ  អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនគរបាលជំនាញខណ្ឌឬស្សីកែវក៏បានធ្វើការស្រាវជ្រាវហើយឈានទៅឃាត់បានជនសង្ស័យជាក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ ចំនួន៨នាក់ នៅក្នុងនោះមានប្រុសចំនួន ៥នាក់ និងស្រី ៣នាក់ យកមកសាកសួរ។ 

បន្ទាប់ពីសាកសួរជនសង្ស័យជាបុរស ចំនួន៥នាក់ គឺពាក់ព័ន្ធនឹងអំពើហឹង្សារនេះ។ដោយឡែកនារី ៣នាក់ ពុំពាក់ព័ន្ធត្រូវបានសមត្ថកិច្ចដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ៕