ភ្នំពេញ៖
សាលាអន្តរជាតិ ហ្រេ្វដហ្វត អាស៊ីប៉ាស៊ីហ្វិក ត្រូវបានអគ្គិភ័យឆាបឆេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២២ខែមេសា ឆ្នាំ២០២៥នៅតាមបណ្ដោយផ្លូវជាតិលេខ ៦Aក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
តាមព័ត៌មានបានអោយដឹងថានៅមុនពេលកើតហេតុ ខណៈពេលដែលក្មេងកំពុងរៀន គេឃើញភ្លើង បានឆាបឆេះចេញពីពិដានបន្ទប់រៀន ផ្សែងហុយទ្រលោម បង្កអោយមានការភ្ញាក់ផ្អើលដល់បុគ្គលិក នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យនិងទាក់ទង ហៅរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ពន្លត់។
តាមនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាអណ្តាតភ្លើងបានរលត់ទៅវិញ នៅវេលាម៉ោង៩និង២០នាទីព្រឹក ។
តាមនគរបាល បានឲ្យដឹងទៀតថា សំណង់សាលាអន្តរជាតិ ហ្រេ្វដហ្វត អាស៊ីប៉ាស៊ីហ្វិកដែលត្រូវភ្លើងឆេះជាប្រភេទសំណង់ធ្វើពី ថ្មប្រក់ស័ង្កសីទំហំ ៦០ម៉ែត្រ គុណ៥០ម៉ែត្រហើយភ្លើង បានបានឆាបឆេះរងការខូចខាតបន្ទប់ចំនួន២ទំហំ១០ម៉ែត្រ គុណ ១០ម៉ែត្រ
រួមទាំងសម្ភារៈ មាន៖ តុ កកៅអី, ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ និងសម្ភារៈមួយចំនួន តែពុំ បណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ តាមនគរបាលបានឲ្យដឹងទៀតថា អគ្គីភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គីសនីចេញពីម៉ាស៊ីនត្រជាក់៕