សហព័ន្ធកីឡាទោចក្រយានកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ពីភ្នំពេញ ទៅសៀមរាប លើចម្ងាយផ្លូវ ៣១០គីឡូម៉ែត្រ លើកទី២ នៅថ្ងៃទី៣១ ខែឧសភា។ ព្រឹត្តិការណ៍លើកទី២នេះ ក្នុងគោលបំណងផ្សព្វផ្សាយពីកីឡាទោចក្រយាន និងវិស័យទេសចរណ៍ នៅកម្ពុជា ។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបរាប់ថា ព្រឹត្តិការណ៍នេះ ក៏មានគោលដៅរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងលើកកម្ពស់ការលេងកីឡាដើម្បីសុខភាព។ បើតាមលោក ចំរើន ព្រឹត្តិការណ៍ជិះកង់នេះ នឹងចេញដំណើរពីវិមានឯករាជ្យ ទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ។

គិតត្រឹមថ្ងៃទី២១ មេសា សហព័ន្ធកីឡាទោចក្រយានកម្ពុជា ទទួលបានអ្នកចុះឈ្មោះចូលរួមជិះកង់ពី ភ្នំពេញទៅសៀមរាប មានចំនួនជាង ១០០នាក់ ដោយក្នុងនោះ មាន៩នាក់ជាជនបរទេស។ សហព័ន្ធ នឹងបិទការចុះឈ្មោះ នៅថ្ងៃទី៣០ ខែមេសា ។

លោក ចំរើន ក៏រំពឹងថា ចំនួនអ្នកចូលរួមព្រឹត្តិការណ៍នេះ នឹងកើនជាងលើកទី១។ អគ្គលេខាធិការរូបនេះ បានប្រាប់ថា៖យើងរំពឹងថាអ្នកចុះឈ្មោះអាចឡើងដល់ ២០០នាក់ ហើយអ្នកចូលរួមផ្សេងទៀត នឹងអមដំណើរតាមខេត្ត ឬទីតាំងដែលគាត់រស់នៅ។ ពីមុនលើកទី១ យើងមានអ្នកចុះឈ្មោះជាង ២០០នាក់ ហើយអ្នកអមដំណើរជិត ៥០០នាក់។ យើងរំពឹងថាព្រឹត្តិការណ៍នេះ មានការចូលរួមអធិកអធម ហើយចូលរួមពីអ្នកជិះកង់ទាំងអស់ ដោយយើងមិនគិតថាអាជីព ឬមិនអាជីពអីទេ ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ មិថុនា ឆ្នាំ២០២៤ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបចំព្រឹត្តិការណ៍នេះ ម្ដងរួចមកហើយ ដោយមានអ្នកចូលរួមសរុប ២៦០នាក់ ក្នុងនោះមាន ២០ភាគរយជាជនបរទេសមកពីរុស្ស៊ី បារាំង ហ្វីលីពីន និងវៀតណាម ៕