ស្ទឹងត្រែង៖
រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសមួយហាមឃាត់មិនឱ្យប្រើប្រាស់ ឧបករណ៍នេសាទល្មើសច្បាប់ ចាប់ពីថ្ងៃទី១ខែឧសភា ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៥។ កំឡុងពេលបិទនេសាទនេះដែរ គឺមិនអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍ណាមានលក្ខណៈទ្រង់ទ្រាយធំ ដើម្បីចាប់ត្រីនៅតាមដងទន្លេភូមិសាស្រ្តខេត្តនេះជាដាច់ខាត ពីព្រោះពេលនេះ វាដល់រដូវត្រីចាប់ផ្តើមបំលាស់ទី ទៅរកកន្លែងបន្តពូជតាមធម្មជាតិ។
លោក ស្រី សម វិចិត្រនាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បាននិយាយថា ពេលវេលាបិទនេសាទនេះ គេតម្រូវមិនឱ្យប្រើប្រាស់មងគ្រប់ប្រភេទ។ បញ្ឈប់ការប្រើប្រាស់ឧបករណ៍ឆក់,សារធាតុពុលនិងគ្រឿងបំផ្ទុះ ដែលនាំឱ្យវិនាសដល់មច្ឆាជាតិ។ ក៏ប៉ុន្តែអាចនេសាទជាលក្ខណៈគ្រួសារបានដូចជាសៃយឺន,លប,សំណាញ់,តុម,អង្រុត,ទ្រូ,ចាន់និងឧបករណ៍តូចៗ។
លោកនាយខណ្ឌជលផលស្ទឹងត្រែង ស្នើសុំ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេទាំងបួន គឺទន្លេមេគង្គ, សេកុង, សេសាននិងស្រែពករួមគ្នាការពារពូជត្រី ឱ្យវា សំបូរឡើងវិញ។ទ្រាំអត់ធ្មត់ អនុវត្តតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តឱ្យបានខ្ជាប់ខ្ជួន ។
លោករំពឹងថា នឹងមិនមាន អ្នកប្រព្រឹត្តិខុសល្មើសច្បាប់នេសាទដែលនាំឱ្យឈានទៅដល់សមត្ថកិច្ចឃាត់ឃុំខ្លួន ដាក់ពន្ធនាគារឡើយ៕