កោះកុង៖
លោកវរៈសេនីយ៍ទោ យួត ហេងប៊ុនម៉ា អធិការនគរបាលស្រុកបូទូមសាគរ ខេត្តកោះកុង បានឱ្យដឹងថា ក្រោយពីបាត់ដំណឹងជាច្រើនថ្ងៃ សាច់ញាតិមិនទទួលបានដំណឹងអ្វីនោះ ពីគ្រួសារប្តីប្រពន្ធទាំង២នាក់។
ស្រាប់តែនៅវេលាយប់ម៉ោង ៧:៥២នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ច បានរកឃើញសាកសពប្តីប្រពន្ធទាំង២នាក់ ត្រូវដើមសំរ៉ងរលំសង្កត់ពីលើ នៅកន្លែងដែលពួកគាត់បានកាប់ដើមសំរ៉ងដើម្បីប្រមូលផលផ្លែវា នៅត្រង់ចំណុចភ្នំកំពង់ប្លូ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
ពលរដ្ឋពីរនាក់ប្តីប្រពន្ធដែលស្លាប់ដោយសារការកាប់ដើមសំរងយកផ្លែ បុរសជាប្តីមានឈ្មោះ ឪ រិទ្ធ អាយុ ៣៧ឆ្នាំ និងស្រ្តីជាប្រពន្ធមានឈ្មោះ យ៉ាន់ សំភស់ អាយុ ៤១ឆ្នាំ។
ប្តីប្រពន្ធដែលដើមសំរងដួលរលំសង្កត់បណ្តាលឱ្យស្លាប់នេះ មានលំនៅឋានក្នុងភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បង្ហាញថា នៅឆ្នាំ២០២៥នេះ មានករណីកាប់ដើមសំរងហើយបណ្តាលឱ្យបាក់សង្កត់លើមនុស្សស្លាប់ចំនួន៣ករណី ស្លាប់មនុស្ស៤នាក់ ។
ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ច បានប្រគល់សាកសពទាំងពីរនាក់ប្រពន្ធ ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីសាសនា៕