ភ្នំពេញ ៖
បុរសវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកភាគីម្ចាស់ម៉ូតូម្ខាងទៀតរងរបួសស្រាលបន្ទាប់ពីភាគីម៉ូតូស្គុបពីជិះបត់ឆ្លង បញ្រ្ចាស់ផ្លូវស្របពេលម៉ូតូរងគ្រោះជិះផ្លូវត្រង់មកលឿនក៏ជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹង ។ ហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅ តាមបណ្ដោយផ្លូវ ២០១១ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សពមានឈ្មោះ អូ ទ្រី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិប្រប្រក់ខាង ជេីង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿងម៉ាកគុបពាក់ស្លាកលេខ ភ្នំពេញ 1P-8869 ជិះដោយបុរសរងគ្រោះម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ២០១១ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម លុះពេលជិះមកដល់ចំណុចកើតហេតខាងលើ ស្រាប់តែគេឃើញមានម៉ូតូ១គ្រឿងទៀតម៉ាកហុងដាស្គុបពីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JS-4400 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ ទិសដៅបញ្រ្ចាស់គ្នាពីកើតមកលិចក្នុងល្បឿនលឿនខណះពេលជិះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងទាំងបញ្រ្ចាស់ផ្លូវមិនមើលមុខក៏ជ្រុលទៅបុកចំពីមុខម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងបណ្តាលឲ្យដួលទាំងសងខាងនិងធ្វើឲ្យបុរសវ័យចំណាស់ម្នាក់ភាគីខាងម៉ូតូគុប បោកក្បាលនៅនឹងផ្លូវស្លាប់ភ្លាមៗ ចំណែកភាគីម៉ូតូស្គុបពីវិញបានរងរបួសស្រាលត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍នគរបាលសង្កាត់គោករការសួរនាំបន្ត។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សារទុកជាបណ្តោះអាសន្ន រងចាំការដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕