ភ្នំពេញ ៖
ម៉ូតូកង់បី១គ្រឿងបើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនហើយបានឆ្លងកាត់ផ្លូវដែក ស្រាប់តែរថភ្លើង១ខ្សែទៅដល់បុកពេញទំហឹង និងអូសចម្ងាយជាង ៥០ម៉ែត្រក្រឡាប់ជាច្រើនត្រលប់ បណ្ដាលឲ្យបុរសដែលជាអ្នកបើកបរម៉ូតូកង់បីនោះស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលា ម៉ោង១០និង៣០នាទី យប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ នៅតាមផ្លូវដែកខ្សែរាជធានីភ្នំពេញ - ខេត្តបាត់ដំបង ត្រង់ចំណុចផ្លូវឆ្លងកាត់ស្ថិតនៅក្នុងភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
បុរសរងគ្រោះឈ្មោះ ប៉ាវ ណារិន មានទីលំនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បើកបរម៉ូតូកង់បី១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HF-7628។
តាមប្រភពពីកន្លែងកើតហេតុជនរងគ្រោះបានបើកបរម៉ូតូកង់បីខាងលើចេញពីលេងផ្ទះបងប្អូននៅបុរីវីល្លៀម ស្ថិតនៅក្នុងភូមិរំដួល សង្កាត់ស្នោរ ខណ្ឌកំបូល ក្នុងល្បឿនលឿនក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបើកឆ្លងកាត់ផ្លូវដែកស្របពេលនោះមានរថភ្លើង១ខ្សែបើកបរក្នុងទិសដៅពីលិចទៅកើតបានទៅដល់ ហើយរថភ្លើងបានចុចសុីផ្លេរយ៉ាងរន្ថើន និងមានបុគ្គលិករថភ្លើងឈរគ្រវីភ្លើងពិលឲ្យឈប់ដែរ។ ប៉ុន្តែបុរសនោះនៅតែបើកម៉ូតូកង់បីឆ្លងផ្លូវដែកទៀត ខណៈនោះក៏ត្រូវរថភ្លើងបុកពេញទំហឹងអូសជាង៥០ម៉ែត្រ និងរុញក្រឡាប់រមៀលជាច្រើនត្រលប់ បណ្ដាលឲ្យបុរសអ្នកបើកបរម៉ូតូកង់បីរូបនោះស្លាប់ភ្លាមៗនៅនឹងកន្លែង។
ក្រោយពេលកើតហេតុរថភ្លើងបានឈប់រួចថយក្រោយទាញម៉ូតូកង់បីចេញបន្ទាប់មកក៏បានបើកបន្តដំណើរទៅមុខបាត់ស្រមោល ហើយនគរបាលខណ្ឌកំបូលបានចុះធ្វើការវាស់វែងនាំយកម៉ូតូកង់បីទៅរក្សាទុក និងប្រគល់សាកសពជូនក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណី ប៉ុន្តែនៅពុំទាន់ដឹងថាតើដោះស្រាយគ្នាបែបណានៅឡើយ៕