ភ្នំពេញ៖
រោងចក្រផលិតប្លាស្ទិច«តៃខា (ខេមបូឌា)ខបភើរេសិន» នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបាន អគ្គិភ័យបានឆាបឆេះកាលពីវេលាម៉ោង៧និង៥៥នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ។ អគ្គិភ័យនេះ បង្កឡើងដោយការផ្ទុះជញ្ជីងថ្លឹងលាយទឹកថ្នាំសម្រាប់ជ្រលក់ផលិតផល ហើយបានបណ្ដាលឲ្យកម្មករ កម្មការិនីចំនួន៤នាក់រងរបួសធ្ងន់និងស្រាល ។
កម្មករ បាននិយាយថា នៅមុនពេលកើតហេតុ ខណៈដែលពួកគាត់កំពុងធ្វើការ ស្រាប់តែផ្ទុះជញ្ជីងថ្លឹងលាយទឹកថ្នាំ សម្រាប់ជ្រលក់ផលិតផល បណ្ដាលឲ្យមានអណ្ដាតភ្លើងឆាបឆេះឡើង សន្ធោសន្ធៅយ៉ាងឆាប់រហ័ស ។ ពេលនោះកម្មករចំនួន៤នាក់ បានរងរបួធ្ងន់និងស្រាល និងបង្កឲ្យមានការច្របូកច្របល់ ហើយខ្លះបានរត់ចេញក្រៅឯខ្លះទៀតបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ជាច្រើនបំពង់តែភ្លើងអត់រលត់ឡើយ ទើបរាយការណ៍និងសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ភ្លាមៗ ព្រោះទីនោះសម្បូរទៅដោយសម្ភារៈដែលងាយនិងឆាបឆេះជាច្រើន ។
សមត្ថកិច្ច បានឲ្យដឹងថានៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យកម្មករ កម្មការិនីនោះ២នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ និង២នាក់ទៀតរបួសស្រាល ត្រូវបញ្ជូនទៅព្យាបាលនៅពេទ្យសុខាកំបូល ចំណែកអគាររោងចក្រ និងសម្ភារនៅក្នុងនោះផងបានរងការខូចខាត ។ ក្រោយពេលទទួលបានដំណឹងអគ្គិភ័យនេះភ្លាម មានរថយន្តពន្លត់អគ្គិភ័យនៅតាមបណ្ដាអង្គភាព និងក្រុមហ៊ុនឯកជននានាជាច្រើនគ្រឿង បានចេញទៅអន្តរាគមន៍ ហើយបានប្រើប្រាស់ទឹកអស់ចំនួន១២រថយន្តស្មើនិង៥២ម៉ែត្រគូប និងពន្លត់រលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង៩ព្រឹកថ្ងៃ ខែ ឆ្នាំដដែលនោះ ៕