ភ្នំពេញ ៖
សាច់ក្រក , ចង្រិតដូង និងចង្រិតធម្មតា ដែលខូចគុណភាព សរុបចំនួន៣០កេស ស្មើនិង១៤០០គីឡូក្រាម ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយមន្ត្រីជំនាញ ក.ប.ប រាជធានីភ្នំពេញ ធ្វើការបង្ក្រាប បន្ទាប់ពីនាំចូលចែកចាយនៅរាជធានីភ្នំពេញដោយគ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌតម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ។
តាមនគរបាល បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំបង្ក្រាបដោយលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប. រាជធានីភ្នំពេញ បានធ្វើ បង្ក្រាបសាច់ក្រក ចំនួន៩កេស ស្មើនិង៤៥០គីឡូក្រាម ចង្រិតដូង ចំនួន១០កេស ស្មើនិង៤០០គីឡូក្រាម និងចង្រិតធម្មតា ចំនួន១១កេស ស្មើនិង៥៥០គីឡូក្រាម ដែលខូចគុណភាព សរុបចំនួន៣០កេស ស្មើនិង១៤០០គីឡូក្រាម គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌតម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
ប្រតិបត្តិការបង្ក្រាបនេះ បន្ទាប់ពីមន្ត្រីជំនាញ បានតាមដានស្រាវជ្រាវនូវផលិតផលខូចគុណភាពទាំងនេះ ដែលឈ្មួញដឹកតាមរថយន្តម៉ាក Ssang Young (សាង យ៉ុង) មកពីប្រទេសថៃ មកចែកចាយនៅរាជធានីភ្នំពេញ។ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៍បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមទប់ស្កាត់រាល់បទល្មើសនាំចូលម្ហូបអាហារធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ក.ប.ប. រាជធានីភ្នំពេញ បានបន្តនីតិវិធីយកទៅបំផ្លាញចោលនៅវេលារសៀលថ្ងៃទី២១ខែមេសា នេះ៕