ភ្នំពេញ ៖
បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ ភ្លាមៗ បន្ទាប់ពីរូបគេ ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តបើកមក បញ្រ្ចាសគ្នា រួចបត់ឆ្វេងឆ្លងផ្លូវចំពាក់កណ្ដាលជំហៀងខាងស្ដាំយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ ស្ថិតនៅតាមបណ្ដោយផ្លូវ R3 ចំណុចបរិវេណបឹងកក់ ក្នុងសង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ វេលា ម៉ោង ៩យប់ ថ្ងៃ ទី ២៧ ខែមេសា ឆ្នាំ ២០២៥។
បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះម្នាក់ជិះម៉ូតូ ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1KQ-7586ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ R3 ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។ លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើជាន់ហ្រ្វាំងមិនទាន់ ក៏ស្រាប់តែជ្រុលទៅបុករថយន្ត ម៉ាក Hyundai STARIA ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2CA-6088 បើកបរដោយបុរសជនបរទេសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ R3 ក្នុងទិសដៅបញ្រ្ចាសគ្នាពីជើងទៅត្បូង ក៏បានបត់ឆ្វេង បម្រុងចូលទៅក្នុងហាងមួយកន្លែងបណ្ដាលឲ្យម៉ូតូបុកចំពាក់កណ្តាលចំហៀងខាងស្តាំយ៉ាងពេញទំហឹង ធ្វើឲ្យបុរសជាម្ចាស់ម៉ូតូ ដួលរងរបួសធ្ងន់ ត្រូវបានបងប្អូនប្រជាពលរដ្ឋក្បែរខាង ជួយទាក់ទងទៅរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែង មកដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯម្ចាស់រថយន្ត សមត្ថកិច្ចឃាត់នៅនិងកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕