ឯកឧត្តម ប៉ុន សុខ អគ្គនាយកីឡាតំណាងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានជំរុញប្រតិភូកីឡារាជធានីខេត្តណែនាំបន្តដល់គ្រូបង្វឹក កីឡាករ កីឡាការិនីវ័យក្មេងគោរពឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាបច្ចេកទេស វិន័យ ក្រមសីលធម៌ ដើម្បីរួមគ្នាជំរុញឱ្យការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ពីថ្ងៃទី០២-១១ ខែឧសភា ២០២៥ ឱ្យដំណើរការដោយរលូន និងទទួលបានជោគជ័យ។នៅក្នុងកិច្ចប្រជុំនាយបេសកកម្មលើកទី២ នៅថ្ងៃអង្គារទី២២ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៉ុន សុខ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមកិច្ចប្រជុំ និងការត្រៀមខ្លួនរបស់សហព័ន្ធកីឡាជាតិ និងប្រតិភូកីឡារាជធានីខេត្តទាំង២៥ ក្នុងព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ក្រោមប្រធានបទ «កីឡាដើម្បីសុខភាពសិក្សា»។ ជាមួយគ្នានេះ ក្នុងនាមតំណាងក្រសួងអប់រំ ឯកឧត្តមអគ្គនាយកកីឡាក៏បានផ្តល់អនុសាសន៍ចំនួន១១ចំណុច ក្នុងនោះដូចជាសូមឱ្យប្រតិភូកីឡារាជធានីខេត្តរក្សាឱ្យបាននូវការយោគយល់ ការអធ្យាស្រ័យ និងកិច្ចសហការគ្នារវាងខេត្ត និងគណៈកម្មការគ្រប់ផ្នែក ដើម្បីសម្របសម្រួលការងារចំបាច់ទូទៅ។
បន្ថែមពីលើនេះ ឯកឧត្តមណែនាំឱ្យចូលរួមសហការ និងដោះស្រាយបញហាចំពោះការផ្សព្វផ្សាយនូវព័ត៌មាននានា ដែលផ្តល់នូវលផលអវិជ្ជមានមកកាន់ការប្រកួត ដោយត្រូវយកចិត្តទុកដាល់ និងរកដំណោះស្រាយឱ្យបានត្រឹមត្រូវ ព្រមទាំងពេលវេលា។ ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់គ្រូបង្វឹក ក្មួយៗកីឡាករ កីឡាការិនី ដោយត្រូវសហការ ឬទំនាក់ទំនងជាមួយក្រុមគ្រូពេទ្យប្រចាំការ ទាំងទីតាំងស្នាក់នៅ និងទីលានប្រកួត ដើម្បីបង្ការបញ្ហាសុខភាព ដែលកើតមានឡើងជាយថាហេតុ។ សូមចូលរួមទាំងគ្នា គោរពឱ្យបាននូវគោលការណ៍ត្រឹមត្រូវ និងសុក្រឹត ក្នុងការអនុញ្ញាតឱ្យកីឡាករ កីឡាការិនី តាមអាយុកំណត់ ដែលគណៈកម្មការរៀបចំការប្រកួត មានចែងក្នុងបទបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេស តាមប្រភេទកីឡានីមួយៗផងដែរ។
ជាមួយគ្នានេះ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានជម្រាបជូនថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ២០២៥ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុប ៣ ១០០ នាក់មកពី២៥រាជធានីខេត្ត ដោយរៀបចំលើ១៣ប្រភេទកីឡា និងមាន៦៨វិញ្ញាសា និងប្រកួតនៅរាជធានីភ្នំពេញ។
ចំពោះគោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍កីឡានេះ គឺដើម្បីបំផុសសកម្មភាពអប់រំកាយ និងកីឡានៅក្នុងគ្រឹះស្ថានបឋមសិក្សា ផ្តល់ឱកាសដល់សិស្សានុសិស្សចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសសិស្សដែលមានទេពកោសល្យតំណាងជាតិចូលរួមប្រកួតកីឡាកម្រិតអន្តរជាតិ។ ផ្តល់លទ្ធភាពជូនដល់សហព័ន្ធកីឡាជាតិ ដើម្បីយកការប្រកួតនេះជាការពនិត្យមើលទេពកោសល្យ និងសមត្ថភាពរបស់កុមារា កុមារី ក្នុងការជ្រើសរើសចូលរួមជាមួយសហព័ន្ធរបស់ខ្លួន។ បន្ថែមពីលើនេះ ជួយលើកកម្ពស់សិស្សានុសិស្សឱ្យមានសុខភាពល្អ កាយសម្បទាមាំមួយ អំណត់ព្យាយាម គំនិតច្នៃប្រឌិត និងសំដៅដណ្តើមបានលទ្ធផលល្អលើការប្រកួតជាដើម។ តាមរយៈព្រឹត្តិការណ៍នេះ ក៏ជាការបំផុសស្មារតីស្នេហាជាតិ និងរួមចំណែកកាត់បន្ថយភាពអសកម្មក្នុងសង្គមផងដែរ៕