ក្រោយពេលប្រកួតចប់កម្មវិធី Miss Supranational Cambodia ឆ្នាំ ២០២៥ និងទទួលបានតំណែងជាលំដាប់រងទី ២ រួចមក ស្រីស្អាត ហុក សារិតុលា ហាក់មានការមមាញឹកនឹងវិស័យសិល្បៈស្ទើរតែដកឃ្លាពុំរួចនោះឡើយ ជាអាថិមានដូចជា ការចូលរួមកម្មវិធីដើរបង្ហាញម៉ូត ការថតវីដេអូចម្រៀង និងការថតភាពយន្តជាដើម។ យ៉ាងណាមិញ លំដាប់រងទីពីរពីការប្រកួតខាងលើ នៅមិនទាន់បង្ហើបដំរួយពីការចេញទៅប្រកួតនៅលើឆាកអន្តរជាតិនៅឡើយទេ ដោយខណៈពេលនេះ នាងកំពុងរង់ចាំការបញ្ជាក់បន្ថែមពីក្រុមហ៊ុន ដែលមានលោក AB Vanna ជាអ្នកគ្រប់គ្រង ថាតើនឹងមានកម្មវិធីអន្តរជាតិណាមួយដែលស័ក្តិសមនឹងខ្លួនដែរឬអត់។ ប៉ុន្តែទោះបីជាមិនទាន់មានការបញ្ជាក់ច្បាស់១០០% ថានឹងត្រូវចេញទៅប្រកួតនៅក្រៅប្រទេសក្តី ក៏ស្រីស្អាតរូបនេះ មិនប្រលែងដៃនោះឡើយ ដោយបច្ចុប្បន្ន នាងបាននឹងកំពុងមានការបង្វឹកខ្លួនឯងជាខ្លាំង ទៅលើការដើរ ការឆ្លើយសំណួរ និងការរៀបចំខ្លួនផ្សេងៗ ព្រោះចង់ពង្រឹងសមត្ថភាពឱ្យរឹងមាំជាងមុនថែមទៀត ជាងពេលការប្រកួតនៅក្នុងស្រុក។

ដ្បិតថា ហុក សារិតុលា មិនមែនជាម្ចាស់តំណែងពីការប្រកួត Miss Supranational Cambodia ឆ្នាំ ២០២៥ ក៏ពិតមែន ក៏បវរកញ្ញារូបនេះ នៅតែរីករាយនឹងទទួលយកលទ្ធផលជាលំដាប់រងទីពីររបស់ខ្លួន និងតែងតែមានអ្នកគាំទ្រផ្តល់ជាមតិវជ្ជមានជានិច្ច ហើយពួកគេទាំងនោះបានដាក់ក្តីសង្ឃឹមថា តុលា នឹងអាចមានឱកាសបានទៅប្រកួតនៅក្រៅប្រទេសឆាប់ៗនេះផងដែរ៕