ប្រធានាធិបតីប្រទេសអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃពុធ ទី9 ខែមេសាថា ប្រទេសអ៊ីរ៉ង់កំពុងរៀបចំ "កិច្ចចរចាដោយប្រយោល" ជាមួយសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ប្រទេសទាំងពីរនឹងធ្វើ "កិច្ចចរចាដោយផ្ទាល់" ខណៈដែលរដ្ឋមន្ត្រីការបរទេសប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថា ការពិភាក្សានឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអូម៉ង់តាមរយៈអ្នកសម្របសម្រួល។ លោក ត្រាំ បានគំរាមប្រទេសអ៊ីរ៉ង់ជាមួយនឹងសកម្មភាពយោធា ប្រសិនបើគ្មានកិច្ចព្រមព្រៀងនាពេលខាងមុខ ស្របពេលដែលទីក្រុងតេអេរ៉ង់បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការឆ្លើយតប "យ៉ាងម៉ឺងម៉ាត់ និងភ្លាមៗ" ចំពោះការគំរាមកំហែងណាមួយ។ គួរបញ្ជាក់ផងដែរថា នៅក្នុងអាណត្តិទី 1 របស់លោកប្រធានាធិបតី ត្រាំ លោកបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងឆ្នាំ 2015 រវាងប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ដែលបានដាក់កម្រិតយ៉ាងតឹងរឹងលើសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម តែក្រោយមកលោក ត្រាំ បានបន្តដាក់ទណ្ឌកម្មឡើងវិញ ហើយចាប់តាំងពីពេលនោះមក ប្រទេសអ៊ីរ៉ង់ បានបន្តសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសពីកិច្ចព្រមព្រៀងដែលបានកំណត់ ដើម្បីបង្កើតអាវុធនុយក្លេអ៊ែរ ខណៈដែលទីក្រុងតេអេរ៉ង់បាននិយាយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺមានគោលបំណងសម្រាប់ថាមពលស៊ីវិលតែប៉ុណ្ណោះ។