កណ្តាល ៖ 

រថយន្តម៉ាក់ហ៊ីយ៉ាន់ដាយដឹកមាន់មួយគ្រឿង បានបើកបោះពួយយ៉ាងលឿនទៅបុករថយន្តម៉ាក ហាយឡេនឌ័រ ពីក្រោយពេញទំហឹង បណ្ដាលឲ្យក្រឡាប់សង្កត់ទៅលើរថយន្តម៉ាក ហាយឡេនឌ័រ កៀបជាប់មនុស្ស ០៤នាក់ រងរបួសស្រាល និងងាប់មាន់រាប់រយក្បាល។       

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលា ម៉ោង១០និង១០នាទី   ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ6A ចន្លោះស្ពានលេខ ១២-១៣ ក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ 

រថយន្តដឹកមាន់ដែលបង្កគ្រោះថ្នាក់នោះម៉ាក ហុីយ៉ាន់ដាយ ពណ៌ស  ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-2234 និងមានបិទអក្សរ "បក្សីបីសាចរាត្រី" បើកបរដោយបុរសម្នាក់ពុំស្គាល់តែសញ្ញាណឡើយ។ ចំណែករថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញ 2AL-9064 ដោយមានមនុស្សជិះចំនួន ៤នាក់។ 

តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក ហ៊ីយាន់ដាយ ដឹកមាន់ធុនធ្ងន់ខាងលើបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ6A ក្នុងទិសដៅពីត្បូងទៅជើងចេញពីរាជធានីភ្នំពេញ។ នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុក៏បានបុករថយន្តម៉ាក ហាយឡេនឌ័រ ពីក្រោយពេញទំហឹង បណ្តាលអោយស្រ៊ុញគូថហើយក្រឡាប់សង្កត់ពីលើរថយន្តហាយឡេនឌ័រ ជាប់អ្នកជិះចំនួន ៤នាក់ រងរបួសស្រាលហើយងាប់មាន់ជាច្រើនក្បាល។

តាមព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីគ្រោះថ្នាក់ប្រជាពលរដ្ឋនាំគ្នាជួយគាស់ដើម្បីយកជនរងគ្រោះចេញពីក្នុងរថយន្ត និងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

នៅក្នុងហេតុការណ៍នេះ បង្កឲ្យមនុស្ស ចំនួន៤នាក់ បានរងរបួសហើយមាន់រាប់រយក្បាលបានងាប់។ ចំណែករថយន្តទាំងពីរគ្រឿងបានរងការខូចខាតធ្ងន់ធ្ងរ។

តាមអ្នកបើកបររថយន្តដឹកមាន់បង្កបានហើយដឹងថា មូលហេតុដែលកើតមានគ្រោះថ្នាក់ដោយសារតែជាន់ហ្វាំ្រងមិនស៊ីក៏ជ្រុលទៅបុករថយន្ត ហាយឡេនឌ័រ ពីក្រោយហើយក្រឡាប់តែម្តង។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ភាគីទាំងពីរបានសម្របសម្រួលមិនត្រូវរូវគ្នាហើយនគរបាលចុះទៅវាស់វែងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីរង់ចាំដោះស្រាយ ៕