កីឡាករប្រណាំងម៉ូតូត្រៃ ដែលត្រៀមចូលរួមប្រកួត ក្នុងមហា ព្រឹត្តិការណ៍ប្រណាំងម៉ូតូ ENEOS ប្រចាំឆ្នាំ២០២៥បានចូលរួមហាត់សម កាលពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ នៅទីលានប្រណាំងម៉ូតូ ក្នុងដីឡូតិ៍អ្នកឧកញ៉ា លី យ៉ុងផាត់ នៅជាប់ច្រកចូលសួនសត្វ ភ្នំពេញសាហ្វារី តាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈអ្នករៀបចំព្រឹត្តិការណ៍នេះរំពឹងថានឹងមានកីឡាករជាតិ-អន្តរជាតិចូលរួមប្រជែងជើងឯកជាង ២០០នាក់ ។
លោក ពេជ្រ សុខា អ្នករៀបចំមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូ ENEOS ប្រចាំឆ្នាំ២០២៥ នៅទីលានអ្នកឧកញ៉ាលីយ៉ុងផាត់ រាជធានីភ្នំពេញ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៥ ដែលជាទីលានថ្មី ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ដែលជួយជំរុញគាំទ្រឱ្យមានការប្រណាំងម៉ូតនេះកើតឡើង ដើម្បីបន្តការអភិវឌ្ឍជំនាញកីឡាប្រណាំងម៉ូតូមួយនេះឱ្យកាន់តែរីកចម្រើបន្ថែមទៀត។ អ្នករៀបចំរូបនេះបន្ថែមថា ការរៀបចំឆ្នាំនេះមានលក្ខណៈធំជាងរាល់ឆ្នាំ ដោយលោករំពឹងថានឹងមានការចូលរួមប្រកួតប្រជែងពីកីឡាករជាតិ និងអន្តរជាតិកាន់តែច្រើនកុះករច្រើនជាង ២០០នាក់ និងលើវិញ្ញាសាទាំង១០ ។
លោក ពេជ្រ សុខា គូសបញ្ជាក់ថា ការផ្លាស់ប្តូរទីតាំងថ្មីនេះមានលក្ខណៈពិសេសជាងទីលានចាស់ ដោយសារតែទីលានថ្មីនេះអាចនឹងរៀបចំបានយូរអង្វែង ដែលទទួលបានកិច្ចសហការជាមួយអ្នកឧកញ៉ា លី យ៉ុងផាត់ ដើម្បីផ្តល់ឱកាសដល់យុវជនបានចូលរួមហាត់សមលេងកីឡាប្រណាំងម៉ូតូត្រៃ ក៏ដូចជាប្រកួតប្រជែង ក្នុងមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដណ្តើមជើងឯក ENEOS ឆ្នាំ២០២៥នេះផងដែរ ។
ក្នុងបទពិសោធរៀបចំជំនាញកីឡាប្រណាំងម៉ូតូរយៈពេល១០ឆ្នាំ លោក ពេជ្រ សុខា បានលើកបង្ហាញទៀតថា ទីលានថ្មីនេះមានលក្ខណៈល្អប្រសើរខ្លាំង ដោយសារតែទីលាននៅឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដោយមិនបង្កសំឡេងរំខានក្នុងការប្រណាំងដល់ប្រជាពលរដ្ឋ ហើយក៏មានភាពងាយស្រួលនៅជិតផ្លូវធំ ខណៈទីលានប្រណាំងនេះមានទំហំជាង៦ហិកតា និងមានរយៈពេលពី៥ឆ្នាំដល់១០ឆ្នាំ ។
ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដណ្តើមជើងឯក ENEOS ឆ្នាំ២០២៥ត្រូវបានរៀបចំលើ១០វិញ្ញាសា ដែលមានគ្រប់កម្រិត និងវិញ្ញាសាចំនួន១០ ទាំងផ្នែកជំនាញកម្រិតខ្ពស់ បូករួមទាំងផ្នែកយុវជន និងវ័យចាស់ចាប់ពី៤០ឆ្នាំឡើងក៏អាចចូលរួមប្រកួតប្រជែងបានដែរ។ ជាការកត់សម្គាល់ អ្នករៀបចំរូបនេះសង្កត់ធ្ងន់ថា ការប្រកួតនេះនឹងមានកីឡាករបរទេស៨ប្រទេស ដែលរស់នៅកម្ពុជា និងមានកីឡាករថ្មីៗមួយចំនួនទៀត មកពីប្រទេសអាហ្វ្រិចខាងត្បូង អ៊ីតាលី តួកគី ថៃ និងវៀតណាម ជាដើម។ ជាមួយនឹងការចូលរួមប្រណាំងរបស់កីឡាករបរទេស យើងនឹងអាចវាស់ស្ទង់ពីគុណភាពបច្ចេកទេសរបស់កីឡាករក្នុងស្រុងរបស់យើងបានថាតើកីឡាករក្នុងស្រុកយើងមានសមត្ថភាពប៉ុណ្ណាដែរ។ ជាមួយគ្នានេះ លោក ពេជ្រ សុខា ក៏បានអំពាវអាវដល់អ្នកប្រណាំងម៉ូតូនានា ចុះឈ្មោះចូលរួមឱ្យបានច្រើនកុះករ ដែលការប្រកួតនឹងធ្វើឡើង នាថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៥ខាងមុខ។
តាមរយៈការខិតខំរៀបចំ និងស្វែងរកដៃគូអភិវឌ្ឍ ដើម្បីគាំទ្រដល់ដំណើការប្រកួតនានា នាពេលកន្លងមក លោកបានបង្ហាញពីការរីកចម្រើនលើវិស័យកីឡាប្រណាំងម៉ូតូត្រៃ នៅកម្ពុជាថា ពីពេលមុន កីឡាករកម្រិត A មានត្រឹមតែ ៧-៨នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងដល់ ១៨នាក់ រីឯកម្រិត B កើនឡើងដល់៤០នាក់ ខណៈកម្រិត C កើនឡើងដល់ ៥០នាក់ ដែលនេះជាការចូលរួមហ្វឹកហាត់ដុសខាត់សមត្ថភាពរបស់កីឡាករកម្ពុជាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕