អ្នកគាំទ្របឹងកេត បានបង្ហាញការខឹងសម្បាចំពោះការកាត់សេចក្ដី របស់អាជ្ញាកណ្ដាល ក្រោយ បឹងកេត បានចាញ់ព្រះខ័នរាជស្វាយរៀង លទ្ធផល១-០ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេច ហ៊ុន សែន លើកទី១៨ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០២៥។ លោក Conor Nestor គ្រូបង្វឹកបឹងកេត យល់ថា អាជ្ញាកណ្ដាល មិនយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទីខ្លួន។ គ្រូបង្វឹករូបនេះ ស្នើឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បើកកិច្ចប្រជុំធំមួយជុំវិញករណីនេះ ដើម្បី បង្ការទង្វើបែបនេះ កើតឡើងម្តងហើយម្តងទៀត។

បញ្ហាអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងទីលាននៅតែកើតមាន និងនៅតែជាប្រធានបទក្តៅ នៅក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា លើកមកជជែកម្ដងហើយម្ដងទៀត។ ជាក់ស្ដែង ករណីការកាត់សេចក្ដីរបស់អាជ្ញាកណ្តាលក្នុងការប្រកួតពានសម្ដេច ហ៊ុន សែន ២រដូវកាលមកនេះ បានជះឥទ្ធិពល និងប៉ះពាល់ខ្លាំង ដល់ទឹកចិត្តអ្នកគាំទ្រក្រុមបាល់ទាត់នីមួយៗ។

ឧទាហរណ៍ ករណីក្លិបបាល់ទាត់វិសាខា សុំដកខ្លួននៅចុងរដូវលកាល ២០២៣-២០២៤។ ករណី លោក ភា សុភក្ដ្រា គ្រូបង្វឹកក្លិបកងយោធពលខេមរភូមិន្ទ រងពិន័យ បន្ទាប់ពីប្រតិកម្មខ្លាំងជាមួយអាជ្ញាកណ្ដាលក្នុងទីលាន នៅរដូវកាល២០២៤-២០២៥។ ករណីអ្នកគាំទ្របឹងកេត រត់ចូលក្នុងទីលានទាំងកំហឹង សំដៅទៅអាជ្ញាកណ្ដាល នៅកីឡដ្ឋាន AIA KMH Park។ ក្រៅពីនេះ នៅមានករណីមិនពេញចិត្តតូចតាចច្រើនករណីទៀត ចំពោះអាជ្ញាកណ្ដាល។

ការមិនពេញចិត្តចំពោះការកាត់សេចក្ដី របស់អាជ្ញាកណ្ដាល មិនមែនមាននៅតែកម្ពុជាមួយទេ គឺមានស្ទើរតែគ្រប់ប្រទេសដែលមានវិស័យបាល់ទាត់។