កណ្ដាល ៖

រថយន្តមួយគ្រឿងបើកក្នុងល្បឿនលឿងបត់ឆ្វេងមិនប្រយ័ត្ន បណ្ដាលឲ្យបុកជាមួយម៉ូតូពេញទំហឹង ធ្វើឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៧និង៣៥នាទី ត្រង់ចំណុចខាងមុខហាង ឈ័នវៃខនឈឺ នៅលើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ។

បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲដឹងថានៅវេលាម៉ោង ថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក MERCEDES ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2G-5757 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បើករថយន្តមានទិសដៅពីជើងទៅ ត្បូង រួចបត់ឆ្វេង។ លុះដល់ចំណុចកើតហេតុខាងលើ ក៏បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA MSX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1GJ-1625 បើកបរដោយឈ្មោះ គ្រឿន ទីលាង ភេទប្រុស អាយុ ១៧ឆ្នាំ  (ពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិព្រែកសំរោង ឃុំកោះធំ ខ ស្រុកកោះធំ ខេត្តកណ្ដាល បើកបរមានទិសដៅពីត្បូងទៅជើង។ 

ករណីគ្រោះថ្នាក់ខាងលើនេះ បណ្ដាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីពេទ្យបង្អែកស្រុកស្អាងដឹកយកទៅសង្គ្រោះ។ ចំណែកអ្នករថយន្តខាងលើ បានគេចចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

ចំពោះមធ្យោបាយខាងលើ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់៕