យោងតាមការជូនដំណឹងពីផលិតកម្ម ប៊ី ម៉ន់ស្តារ អេនថឹថេនម៉ឹនថ៍ (BeMonstar Entertainment) និង ខេ ថាយហ្កឹរ អេនថឹថេនម៉ឹនថ៍ (K-Tigers Entertainment) បានឱ្យដឹងថា លី មីនយ៉ុង (Lee Min-young) ឬ Min អតីតសមាជិកក្រុម Miss A នឹងរៀបចំពិធីមង្គលការជាលក្ខណៈឯកជននៅទីក្រុងសេអ៊ូល ដើម្បីជាការផ្តល់កិត្តិយសដល់គ្រួសារទាំងសងខាង។
ដោយឡែក Min ក៏បានបង្ហាញអារម្មណ៍រំភើបតាមរយៈសារមួយនៅលើបណ្តាញសង្គម Instagram ដូចគ្នាដែរថា “ សួស្តីអ្នកទាំងអស់គ្នា នៅក្នុងខែមិថុនាខាងមុខនេះ ខ្ញុំបានសម្រេចចិត្តចាប់ផ្តើមជីវិតថ្មីជាមួយមនុស្សម្នាក់ដែលតែងតែនៅក្បែរខ្ញុំរហូតមក។ ខ្ញុំចង់ដើរកាត់ពីមួយថ្ងៃទៅមួយថ្ងៃជាមួយមនុស្សម្នាក់នោះដែលតែងតែហុចដៃមករកខ្ញុំដោយភាពកក់ក្តៅ មិនថាពេលមានសេចក្តីសុខឬហត់នឿយនោះទេ។ ខ្ញុំក៏មិនភ្លេចអរគុណទៅកាន់គ្រួសារ អ្នកស្គាល់គ្នា មិត្តភក្តិ និងអ្នកគាំទ្រ ដែលជឿជាក់មកលើខ្ញុំនិងគាំទ្រខ្ញុំកន្លងមក បើទោះបីពេលខ្លះមានចន្លោះប្រហោងក៏ដោយ។ ខ្ញុំនឹងគ្មានថ្ងៃបំភ្លេចបានឡើយនូវភាពកតញ្ញូទាំងនោះ និងព្យាយាមតបស្នងអ្នក ក្នុងផ្លូវមួយដ៏ល្អនាពេលអនាគត។
គួរឱ្យដឹងថា Min និងអនាគតស្វាមី បានជួបគ្នាជាលើកដំបូងនៅការប្រគុំតន្ត្រីកាលពី ៦ ឆ្នាំមុន ដោយអនាគតស្វាមីរបស់នាងគឺជាអ្នកជំនួញ និងបានការណែនាំឱ្យស្គាល់ពីមិត្តភក្តិនៅកន្លែងប្រគុំតន្ត្រីនោះ កាលពីឆ្នាំ២០១៨។ ក្រោយមកទៀតពួកគេក៏បានវិវត្តន៍ចំណងស្នេហាជាមួយគ្នារហូតបានភ្ជាប់ពាក្យនៅអំឡុងខែមេសា ឆ្នាំ២០២៣ និងបានកំណត់យកថ្ងៃជ័យនៃពិធីរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ៕