កាលពីរសៀលថ្ងៃទី ២២ ខែមេសា កន្លងទៅ ថេរ៉ូ អេនថឹថេនម៉ឹនថ៍ (Tero Entertainment) សហការជាមួយ ធីភីអិន គ្លូប៊ល (TPN Global) បានធ្វើសន្និសីទសារព័ត៌មាន និងចាត់តាំងកញ្ញា អូប៉ល ស៊ូឆាតា ឈួងស៊ី (Opal Suchata Chuangsri) អតីតបវរកញ្ញាចក្កវាឡថៃ ឆ្នាំ ២០២៤ ជា មីស វ៉ើលដ៍ ថៃឡែនដ៍ (Miss World Thailand) ឆ្នាំ ២០២៥ ហើយនាងនឹងត្រូវចូលរួមប្រកួតនៅក្នុងកម្មវិធី Miss World លើកទី ៧២ នៅប្រទេសឥណ្ឌាឆាប់ៗខាងមុខនេះ។
នៅក្នុងថ្ងៃប្រកាសតែងតាំងនេះ ស្រាប់តែស្ថាប័ន Miss Universe បានចេញសេចក្តីជូនដំណឹងមួយទៅកាន់អ្នកស្នេហាវិស័យប្រកួតសម្រស់ យ៉ាងភ្ញាក់ផ្អើល ពីការដកតំណែងលំដាប់រងទីបី ពីកញ្ញា Opal បន្ទាប់ពីក្រុមហ៊ុន TPN Global ដែលនាងកំពុងស្ថិតនៅនេះ បានធ្វើខុសលក្ខខណ្ឌមួយចំនួនដែលធ្លាប់បានព្រមព្រៀងជាមួយគ្នា។ នៅក្នុងសេចក្តីជូនដំណឹងនោះបានឱ្យដឹងថា ក្រុមហ៊ុន TPN Global មិនបានបំពេញតួនាទីក្នុងនាមជាអ្នកគ្រប់គ្រងការប្រកួតថ្នាក់ជាតិតាមការព្រមព្រៀងជាមួយស្ថាប័ននោះទេ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ពោលគឺបានបញ្ជូនបវរកញ្ញារូបនេះទៅចូលរួមប្រកួតនៅក្នុងកម្មវិធីផ្សេងមួយទៀត ទាំងដែលមិនទាន់គ្រប់អាណត្តិនៃការគ្រងតំណែងរបស់នាង ដែលមានរយៈពេល១២ ខែ ឬមួយឆ្នាំ។
យ៉ាងណាមិញ បើតាមការឱ្យដឹងពីកញ្ញា អូប៉ល ស៊ូឆាតា ឈួងស៊ី (Opal Suchata Chuangsri) ជាមួយអ្នកសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា នាងធ្វើទៅតាមការសម្រេចចិត្តរបស់ក្រុមហ៊ុននាងប៉ុណ្ណោះ។ នាងបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីទទួលបានតំណែងជាលំដាប់រងទីបី ពី Miss Universe ឆ្នាំ ២០២៤ មក នាងក៏មិនដែលទទួលបានការងារផ្សេងៗពីស្ថាប័ន Miss Universe នោះដែរ៕