ជាការពិតណាស់ ការប្រកួតប្រជែងសម្រស់បុរសឯកដ៏ពេញនិយមនៅក្នុងប្រទេសកម្ពុជា Mister Supranational Cambodia 2025 បានបញ្ចប់ទៅហើយ កាលថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ ដោយម្ចាស់ជ័យលាភីលេខ១ បានទៅលើ លោក ហ៊ាប ស៊ាងហ៊ុយ បុរសឯក ដែលមានដើមកំណើតមកពីខេត្តកំពង់ចាម។ មុននឹងដើរនៅលើវិថីសិល្បៈ ស៊ាងហ៊ុយ គឺជាអតីតនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រវេជ្ជបណ្ឌិតទូទៅ ពីសាកលវិទ្យាល័យអន្តរជាតិ។
នៅក្នុងឆ្នាំ ២០១៦ ប្រុសស្អាតរូបនេះ បានចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី Freshie girls & boys ជំនាន់ទី ១៥ ប៉ុន្តែគួរឱ្យសោកស្តាយ ស៊ាងហ៊ុយ មិនទទួលបានលទ្ធល្អនៅក្នុងការប្រកួតនោះឡើយ។ រហូតមកដល់ឆ្នាំ ២០២២ បុរសឯកខាងលើ បានដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធី Mister Friendship Cambodia និងបានក្លាយជាម្ចាស់ជ័យលាភីលេខ១ ពីកម្មវិធីប្រកួតមួយនេះផងដែរ។ នៅក្នុងឆ្នាំដដែល លោកក៏បានតំណាងប្រទេសកម្ពុជា ទៅចូលរួមប្រកួតនៅក្នុងកម្មវិធី Mister Friendship International នៅប្រទេសថៃ។
គួរឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៥ នេះ លោកបានវិលមកប្រកួតម្តងទៀត នៅក្នុងកម្មវិធី Mister Supranational Cambodia 2025 និងបានវាយផ្តួលបេក្ខជន ២១ រូបផ្សេងទៀត ដោយដណ្កើមបានជ័យលាភីលេខ១ ពីការប្រកួត។ ក្រោយគ្រងតំណែងជាបុរសឯកនៅក្នុងកម្មវិធីមួយនេះ ហ៊ាប ស៊ាងហ៊ុយ នឹងត្រូវមានភារកិច្ចបន្ត ទៅលើឆាកអន្តរជាតិ ក្នុងកម្មវិធី Mister Supranational 2025 នៅឯប្រទេសប៉ូឡូញ ឆាប់ៗខាងមុខនេះ៕