តារាចម្រៀងពន្លកថ្មី SK ដែលស្ថិតនៅក្រោមផលិតកម្ម GenMusic ក្រៅពីមានទឹកដមសំនៀងពីរោះរណ្តំហើយនោះ បើក្រឡេកទៅមើលរូបសម្រស់ក៏ស្រស់ស្អាតខ្លាំងណាស់ដែរ។ ដ្បិតថាទើបតែចូលប្រឡូកនៅក្នុងវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែតារាចម្រៀងស្រីរូបនេះ ហាក់ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន។ កន្លងមកតារាស្រីរូបនេះតែងតែបង្ហាញរូបភាព ឬវីដេអូផ្សេងៗរបស់ខ្លួននៅលើបណ្តាញសង្គម ក្នុងការបំពេញការងារ និងដើរកម្សាន្តជាដើម ដែលបានធ្វើឱ្យអ្នកគាំទ្រជាច្រើនលង់នឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាង។ គួបផ្សំទាំងកាយវិការដ៏ទន់ភ្លន់ផងដែរនោះ រឹតតែធ្វើឱ្យតារាស្រីរូបនេះទទួលបានប្រជាប្រិយភាពច្រើនឡើងថែមទៀត។
យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើនបាននាំគ្នាចូលទៅ Comment និងចែករំលែកពេញបណ្តាញសង្គម ក្រោយពេលតារាស្រីខាងលើបានបង្ហោះរូបភាពក្នុងឈុតជាទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាងគោរាគទេវី។ អ្នកគាំទ្រទាំងនោះបានសរសើរពីរូបសម្រស់របស់ SK ថាស្អាតដូចទេវតាពិតៗ និងបានសរសើរថាមានរូបសម្រស់ស្អាតដូចរូបគំនូរជាដើម។
គួរឱ្យដឹងថា ក្រោយពេលបង្ហោះរូបភាពក្នុងឈុតជាទេវតាឆ្នាំថ្មីនៅលើបណ្តាញសង្គមត្រឹមតែរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ មានអ្នកចុច Like ក្បែរ ១០ ០០០ Likes និងមានការចែករំលែកលើសពី ៣ ០០០ ដង៕