យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សចំនួន 10 នាក់បានស្លាប់ នៅពេលដែលទូកដឹកភ្ញៀវទេសចរណ៍ចំនួន 4 គ្រឿង បានក្រឡាប់ធ្លាក់មនុស្ស 84 នាក់ចូលទៅក្នុងទន្លេនៅភាគនិរតីប្រទេសចិន។ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ (Xinhua) បានរាយការណ៍ថា មនុស្សចំនួន 74 នាក់ ត្រូវបានជួយសង្គ្រោះនៅក្នុងឧបទ្ទវហេតុដែលកើតឡើងនៅក្នុងខេត្ត គុយជូ (Guizhou) របស់ប្រទេសចិន។ ប្រភពបានបន្តថា បុគ្គលិកជួយសង្គ្រោះប្រមាណ 500 នាក់ ត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ ស្របពេលដែលលោកប្រធានាធិបតី Xi Jinping បានបញ្ជារឲ្យអាជ្ញាធរខេត្ត ចាត់វិធានការណ៍គ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីជួយសង្រ្គោះអ្នកដែលនៅរស់រានមានជីវិត។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី Xi ក៏បានបន្ថែមថា អាជ្ញាធរក្នុងតំបន់ គួរតែបង្កើនវិធានការសុវត្ថិភាព ដើម្បីទប់ស្កាត់ការកើនឡើងនៃគ្រោះថ្នាក់នៅកន្លែងទេសចរណ៍ និងទីសាធារណៈសំខាន់ៗផ្សេងទៀត។