កម្មករចំនួន 13 នាក់ ដែលបំរើការនៅអណ្តូងរ៉ែតូចមួយ ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនផលិតមាស ផូដេរូសា (Poderosa) ត្រូវបានសម្លាប់ ដោយក្រុមអ្នកជីករករ៉ែខុសច្បាប់នៅក្នុងប្រទេសប៉េរូ បន្ទាប់ពីត្រូវបានចាប់ជាចំណាប់ខ្មាំងអស់រយៈពេលជាច្រើនថ្ងៃ។ ការចាប់ជាចំណាប់ខ្មាំង និងចុងក្រោយសម្លាប់នេះ កើតឡើងនៅក្នុងអណ្តូងរ៉ែសិប្បករតូចមួយក្នុងខេត្ត ប៉ាតាស (Pataz) របស់ប្រទេសប៉េរូ។ ក្រសួងមហាផ្ទៃប្រទេសប៉េរូ បានចេញសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងប៉ូលីសត្រូវបានដាក់ពង្រាយទៅកាន់តំបន់ព្រមទាំងធានាថា អំពើឧក្រិដ្ឋកម្មនេះ នឹងមិនអាចលើកលែងបានឡើយ។ ទន្ទឹមនឹងនេះ លោកស្រីប្រធានាធិបតី ឌីណា ប៊ូឡូអាតេ (Dina Boluarte) បានប្រកាសផ្អាកការជីកយករ៉ែនៅក្នុងខេត្ត ប៉ាតាស រយៈពេល 30 ថ្ងៃ។