លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី20 ខែឧសភាថា លោកបានជ្រើសរើសការរចនាសម្រាប់ប្រពន្ធ័ខែលការពារគ្រាប់មីស៊ីល ហ្គោលឌេន ដូម (Golden Dome) ដែលមានតម្លៃ 175 ពាន់លានដុល្លារ និងបានតែងតាំងលោក មៃខល ហ្គូដលាន (Michael Guetlein) ជាអ្នកដឹកនាំកម្មវិធីប្រពន្ធ័ការពារដ៏ធំមួយនេះ ដែលបង្កើតឡើងក្នុងគោលបំណងទប់ស្កាត់ការគំរាមកំហែងពីប្រទេសចិន និងរុស្ស៊ី។ ប្រពន្ធ័ខែលការពារគ្រាប់មីស៊ីល ហ្គោលឌេន ដូម នេះ បង្កើតឡើងក្នុងគោលបំណងតភ្ជាប់បណ្តាញផ្កាយរណបរាប់រយ ដើម្បីពិនិត្យ តាមដាន និងស្ទាក់ចាប់ការវាយប្រហារគ្រាប់មីស៊ីលផ្សេងៗ ហើយខណៈដែលការបង្កើតប្រពន្ធ័ខែលនេះ មានតម្លៃរហូតដល់ទៅ 175 ពាន់លានដុល្លារនោះ វានឹងត្រូវចំណាយពេលជាច្រើនឆ្នាំ ដើម្បីអនុវត្តកម្មវិធីនេះឡើង។