បាត់ដំបង៖
កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ មន្រ្តីអធិការកិច្ចម្ហូបអាហារ នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តបាត់ដំបង បាននាំយករថយន្តមន្ទីរពិសោធន៍ខ្នាតតូច សហការជាមួយមន្ទីរពាណិជ្ជកម្ម នគរបាលបង្រ្កាបបទល្មើសសេដ្ធកិច្ចខេត្ត ចុះត្រួតពិនិត្យទំនិញឧបភោគ បរិភោគ បានចំនួនពីរ ផ្សារក្នុងស្រុកសំឡូត។
យុទ្ធនាការខាងលើនេះ មន្ត្រីជំនាញបានអនុវត្តទៅលើផ្សាររ៉ែដែក និងផ្សារស្រុកសំឡូត ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ប៉ុន្តែរកមិនឃើញទំនិញដែលខូចគុណភាព ឬហួសសុពលភាពឡើយ ដោយឡែក ផ្ទះលក់គ្រឿងសមុទ្រមួយ មន្រ្តីជំនាញ បានពិនិត្យទៅលើគ្រឿងសមុទ្រចំនួន ៨សំណាកគំរូ ក្នុងនោះ អវិជ្ជមាន ០៣គំរូ និង វិជ្ជមាន ០៥ គំរូ និងបានធ្វើការដកហូត ដៃមឹកយក្ស ,មឹករំដួល ,មឹកស្រួយ ,មឹកបំពង់ និងមឹកបក ចំនួនសរុប ១៩.៩០ kg ដែលមានសារធាតុគីមីហ្វ័រម៉ាលីន (Formalin) យកមកកម្ទេចចោលនៅសាខា ក.ប.ប ខេត្តបាត់ដំបង។
ហើយជាមួយគ្នានេះដែរ មន្រ្តីជំនាញ ក៏បានធ្វើការដកយកគំរូ ផ្លែទុរេនពីអាជីករលក់ដូរស្ថិតក្នុងស្រុកសំឡូត ពីរគំរូ ផ្ញើទៅអគ្គនាយកដ្ធានដើម្បីធ្វើការពិសោធន៍ផងដែរ៕