យោធាប្រទេសប៉ាគីស្ថានបានអះអាងបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ប្រទេសឥណ្ឌាចំនួន 5 គ្រឿង បន្ទាប់ពីប្រទេសឥណ្ឌាបានបើកការវាយប្រហារលើប្រទេសប៉ាគីស្ថាននៅថ្ងៃពុធ ទី7 ខែឧសភានេះ។ អ្នកនាំពាក្យយោធាលោកឧត្តមសេនីយ អាម៉េដ ហ្សារីហ្វ ឆរី (Ahmed Sharif Chaudhry) បាននិយាយថា "យន្តហោះចម្បាំងរបស់ប្រទេសឥណ្ឌាចំនួន 5 ក្នុងនោះរួមមាន យន្តហោះ រ៉ាហ្វាល (Rafale) 3 គ្រឿង អេស យូ 30 (SU30) មួយគ្រឿង និង ម៉ិក 29 (MiG29) មួយគ្រឿង ព្រមទាំងយន្តហោះដ្រូនមួយគ្រឿង ត្រូវបានបាញ់ទម្លាក់"។ គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌា បានបើកការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងប្រទេសប៉ាគីស្ថាន និងទឹកដីដែលប្រទេសប៉ាគីស្ថានគ្រប់គ្រងក្នុងតំបន់ ការស្មៀរ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារសម្លាប់ភ្ញៀវទេសចរហិណ្ឌូឥណ្ឌាចំនួន 26 នាក់កាលពីចុងខែមុន។ ប្រទេសឥណ្ឌាបាននិយាយថា ពួកសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ ខណៈដែលប្រទេសប៉ាគីស្ថានបានបដិសេធការជាប់ពាក់ព័ន្ធនេះ។