គិតត្រឹមថ្ងៃពុធ ទី21 ខែឧសភា ចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានកើនឡើងដល់ប្រមាណ 53,700 នាក់ និងប្រមាណ 121,950 នាក់ផ្សេងទៀតរងរបួស ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ផ្ទុះឡើងកាលពីខែតុលា ឆ្នាំ 2023។ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ យោធាអ៊ីស្រាអែល បានបើកការវាយប្រហារលើគោលដៅចំនួន 115 កន្លែងក្នុងតំបន់ហ្គាហ្សា ព្រមទាំងស្ទាក់ចាប់កាំជ្រួចមីស៊ីល ដែលក្រុមជីហាដអ៊ីស្លាមប៉ាឡេស្ទីនបាញ់ចេញពីតំបន់ហ្គាហ្សាទៅកាន់តំបន់ ឡាគីស (Lakhish) របស់អ៊ីស្រាអែល។ ការប្រយុទ្ធគ្នាកាន់តែខ្លាំងបានផ្ទុះឡើងបន្ទាប់ពីអ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការ គីឌៀន ឆ៊ែរីអៀត (Gideon's Chariots) កាលពីដើមសប្តាហ៍នេះ ស្របពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា ទីតាំងទាំងអស់នៅក្នុងតំបន់ហ្គាហ្សា  នឹងស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល ហើយក្រុមហាម៉ាសនឹងត្រូវកម្ចាត់ចេញពីតំបន់។ ជាការឆ្លើយតប អ្នកនាំពាក្យក្រុមហាម៉ាស់ លោក ជីហាដ តាឡា (Jihad Taha) បាននិយាយថា ក្រុមរបស់ខ្លួន នឹងមិនបោះបង់ការតស៊ូប្រយុទ្ធឡើយ ហើយក៏មិនទទួលយកការនិរទេសមេដឹកនាំរបស់ខ្លួនចេញពីតំបន់ហ្គាហ្សាដែរ។